ធនាគារ PPCBank មានសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ចនៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០៖ ថ្ងៃនេះធនាគារ ភីភីស៊ីប៊ែង (PPCBank) បានធ្វើការប្រកាសជាផ្លូវការបើកសាខាពីរបន្ថែមទៀត ដែលធ្វើឲ្យចំនួនសាខាសរុបកើនរហូតដល់ ២៣ ជាមួយនឹងទូATM ចំនួន ៦២នៅទូទាំងប្រទេស។
សាខាធនាគារ PPCBank ថ្មីទាំងពីរបានត្រៀមខ្លួនរួចជាស្រេចក្នុងការដំណើរការនិងបម្រើអតិថិជនរបស់ខ្លួន នៅលើមហាវិថីព្រះសីហនុនិងលើផ្លូវជាតិលេខ៦A។
នៅសាខាព្រះសីហនុ អតិថិជនអាចមកទទួលយកសេវាពីធនាគារដែលដំណើរចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៨យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាចនៅរៀងរាល់ថ្ងៃសៅរ៍ ហើយសាខានេះផងដែរក៏ត្រូវបានបំពាក់ដោយ Gold Club ដែលជាមជ្ឈមណ្ឌលសម្រាប់បម្រើដល់អតិថិជន VIP ។
សាខាជ្រោយចង្វារនៅលើផ្លូវជាតិលេខ៦Aនេះ ត្រូវបានបង្កើតឡើងនៅទីតាំងដែលអំណោយផលដល់អតិថិជនទាំងតំបន់ជ្រោយចង្វារនិងឫស្សីកែវ។ តំបន់ជ្រោយចង្វារនិងឫស្សីកែវគឺជាតំបន់មួយដែលប្រមូលផ្តុំទៅដោយសហគ្រាសធនតូចនិងមធ្យម ហេតុដូច្នេះហើយ ដើម្បីបំពេញតម្រូវការដល់ពួកគេ សាខាជ្រោយចង្វារថ្មីនេះក៏បានបំពាក់ទៅដោយមជ្ឈមណ្ឌលសហគ្រាសធនតូចនិងមធ្យម (SME) ដែលជាមជ្ឈមណ្ឌលផ្តល់ការប្រឹក្សាយោបល់អំពីការស្នើសុំឥណទានដែលសមស្របសម្រាប់ជំនួញរបស់ពួកគេ។
សាខាធនាគារ PPCBank ទាំងពីរនេះក៏ត្រូវបានសាងសង់ឡើងជាមួយនឹងការរចនាដែលមានលក្ខណៈស្តង់ដារ ទំនើប និងមានផាសុកភាពបំផុតសម្រាប់អតិថិជន។
បើទោះបីជាវិស័យសេដ្ឋកិច្ចនៅកម្ពុជាហាក់បីដូចជាកំពុងដើរយឺតដោយសារតែវិបត្តិនៃជំងឺផ្លូវដង្ហើមថ្មីក៏ដោយ ធនាគារ PPCBank មានការជឿជាក់ចំពោះការត្រលប់មកស្ថានភាពដើមវិញនៃវិស័យសេដ្ឋកិច្ច។ ធនាគារនៅតែបន្តយន្តការក្នុងការក្លាយខ្លួនជាធនាគារឈានមុខគេ តាមរយៈការបង្កើនសាខាពីរបន្ថែមទៀត។
លោក Shin Chang Moo ដែលជានាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ «កាលពីខែមេសាកន្លងទៅនេះ ពួកយើងទាំងអស់គ្នាបានឆ្លងកាត់នូវស្ថានភាពមួយដ៏លំបាក ដែលគ្មាននរណាម្នាក់ដឹងច្បាស់ថាតើការងាររបស់យើងនឹងត្រលប់មកស្ថានភាពដើមនៅពេលណា ហើយពួកយើងក៏បានផ្លាស់ប្តូររបៀបនៃការរស់នៅរបស់យើង ដោយការអនុវត្តន៍អនាម័យឲ្យបានខ្ជាប់ខ្ជួននិងញឹកញាប់បំផុតតាមដែលអាចធ្វើទៅបាន»។
លោកបានបន្តថា៖ «វិធានការការពារនានាត្រូវបានដាក់ឲ្យអនុវត្តប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសកម្ពុជា ដែលយើងមើលឃើញថា ៤ខែក្រោយមក ពួកយើងក៏ទទួលបានការឈប់សម្រាកចូលឆ្នាំខ្មែរ ដែលត្រូវបានពន្យាពេលកាលពីខែមេសាកន្លងទៅនេះ។ សម្រាប់ពួកយើង វាជាសញ្ញាបញ្ជាក់ឲ្យឃើញថាសេដ្ឋកិច្ចបានដើរយឺត ប៉ុន្តែជាមួយនឹងការគ្រប់គ្រងស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព វានឹងត្រលប់មកសភាពដើមវិញ។ ហើយពួកយើងក៏នៅតែបន្តធ្វើឲ្យប្រាកដថា ធនាគារ PPCBank នៅតែផ្តល់សេវាធនាគារដែលងាយស្រួលដល់អតិថិជនរបស់យើង ហេតុដូច្នេះហើយបានជាយើងបន្តបង្កើនសាខាបន្ថែមទៀត»។
លោក Shin បានមានប្រសាសន៍បន្ថែមថា៖ «ជំនួសមុខឲ្យធនាគារ PPCBank ទាំងមូល ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនរបស់ពួកយើងទាំងអស់ដែលតែងតែផ្តល់ការគាំទ្រដល់ពួកយើង ហើយនេះជាកត្តាជម្រុញឲ្យយើងអាចបង្កើនសាខាពីរបន្ថែមទៀត»៕