ភ្នំពេញ៖ ធនាគារ PPCBank មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុងនាមជា Gold Sponsor នៃព្រឹត្តិការណ៍“ដើរម៉ារ៉ាតុង” ចម្ងាយ ៥គីឡូម៉ែត្រ ដែលរៀបចំដោយក្រុមហ៊ុន លី ហួរ គ្រុប នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
PPCBank គាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការចូលរួមឧបត្ថម្ភ ជា Gold Sponsor នៃកម្មវិធីដើរម៉ារ៉ាតុងរបស់ក្រុមហ៊ុន លី ហួរ គ្រុប
កម្មវិធីនៅក្នុងឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ “ដើររួមគ្នាបង្ហាញក្តីស្រលាញ់សម្រាប់កុមារ និងគាំទ្រសកម្មភាពសប្បុរសធម៌” ក្នុងគោលបំណងកៀរគរប្រមូលថវិកាពីការលក់សំបុត្រ និងការចូលរួមឧបត្ថម្ភផ្សេងៗពីដៃគូសហការ យកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់បន្តបេសកកម្មរបស់ខ្លួន ក្នុងការព្យាបាលសង្រ្គោះជីវិតកុមារនៅកម្ពុជា។
លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank មានប្រសាសន៍ថា៖ “ក្នុងនាមជាអ្នកឧបត្ថម្ភមួយរូបនៅក្នុងកម្មវិធីនេះ យើងពិតជាមានសេចក្តីរំភើបរីករាយ ដែលបានចូលរួមគាំទ្រក្នុងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ។ សមិទ្ធិផលរបស់អ្នកដើរ ទាំងអស់នឹងត្រូវបានបំប្លែងទៅជាប្រាក់ ដែលនឹងបរិច្ចាគដោយអ្នករៀបចំទៅកាន់មន្ទីរពេទ្យ ដោយផ្ទាល់ ដើម្បីធានាបានថាកុមារ និងក្មេងជំទង់កាន់តែច្រើនឡើង ទទួលបានការថែទាំសុខភាពដែលពួកគេត្រូវការ ដើម្បីចម្រើនលូតលាស់”។
ជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ ធនាគារ PPCBank ក៏មានរៀបចំស្តង់ ដើម្បីផ្តល់ប្រឹក្សាយោបល់ហិរញ្ញវត្ថុទាក់ទងនឹងផលិតផល និងសេវាកម្មរបស់ធនាគារ ជូនដល់សាធារណៈជន ជាពិសេសដល់អ្នកដែលបានចូលរួមដើរក្នុងព្រឹត្តិការណ៍នេះផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ “ដើរម៉ារ៉ាតុន”មានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប ព្រមទាំងក្រុមគ្រួសារ បុគ្គលិកធនាគារ PPCBank និងសាធារណជននានា សរុបប្រមាណជាង ១០០០នាក់ ស្ថិតនៅក្នុងទីតាំងបុរីវិមានភ្នំពេញ គម្រោងទី១២។
ការឧបត្ថម្ភសប្បុរសធម៌របស់ធនាគារ PPCBank ក្នុងថ្ងៃនេះ បានសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្លាំងរបស់ស្ថាប័នហិរញ្ញវត្ថុចំពោះសកម្មភាពសង្គម។
ធនាគារ PPCBank នៅតែបន្តប្រកាន់ខ្ជាប់នូវការចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពកុមារដែលជាទំពាំងស្នងឫស្សីទៅអនាគត ដើម្បីធានាថាកុមារទាំងអស់ ទទួលបានការព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យកុមារអង្គរនេះ តែម្តង៕