ប្រជាពលរដ្ឋ11គ្រួសារអាចត្រលប់ទៅរស់នៅលើដីរបស់ពួកគេវិញក្រោយការបោសសម្អាតគ្រាប់មីន
ខេត្តសៀមរាប-ថ្ងៃទី១៤ ខែមករា ឆ្នាំ2021- ធនាគារ ភីភីស៊ីប៊ែង មានសេចក្ដីសោមន្សក្នុងការប្រគល់ដីរបស់ប្រជាជនសរុបចំនួន 2.4ហិចតាដែលមានទំហំប្រហែលទៅនឹងទីធ្លាបាល់ទាត់ចំនួន2នៅខេត្តសៀមរាប។ទាំងនេះអាចប្រព្រឹត្តិទៅបានដោយមានការសហការពីអង្គការកណ្ដុរហិតមីន អាប៉ូប៉ូ។ ក្នុងប្រតិបត្តិការនេះផងដែរ យើងបានរកឃើញនិងបោសសម្អាតមីន និង គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន17 ដោយប្រើកណ្ដុរហិតមីនចំនួន 12ក្បាល និងអ្នកមើលថែកណ្ដុរហិតមីនចំនួន15នាក់។
ការសហការឧបត្ថម្ភនេះពន្លិចសំខាន់នូវសមិទ្ធិផលកិច្ចការងារជួយសង្គមរបស់ពួកយើង ហើយនឹងបន្តគាំទ្រដល់បេសកកម្មដ៍ប្រពៃនេះ។
ពិធីប្រគល់ដីធ្លីនេះក៏បានធ្វើឡើងនៅទីតាំងដែលបានបោសសម្អាតមីនផ្ទាល់តែម្ដង។ ទីតាំងនេះស្ថិតនៅ ភូមិត្រពាំងក្រសាំង ឃុំស្រែនុយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ក្រុមគ្រួសារទាំង11នឹងអាចប្រកបរបរកសិកម្មដាំដំឡូង ស្រូវ និងរស់នៅលើដីនេះដោយពុំមានក្ដីបារម្ភទៀតឡើយ។ លោកពូ ណេត ប្រយ និងក្រុមគ្រួសារព្រមទាំងក្រុមគ្រួសារដទៃផ្សេងទៀតដែលទទួលបានដីរបស់ពួកគាត់ត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព និងសេចក្តីរីករាយក្រោយប្រតិបត្តិការបោសសម្អាតគ្រាប់មីន។
រយៈពេលកន្លងមកពួកគាត់ត្រូវសម្រេចចិត្តផ្លាស់ទីលំនៅទៅកន្លែងផ្សេងព្រោះដីរបស់គាត់សិ្ថតនៅក្រោមការគម្រាមកំហែងពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកពូ ប្រយពិតជាត្រេកអរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារអាប៉ូប៉ូ និង ធនាគារ ភីភីស៊ីប៊ែងដែលបានឧបត្ថម្ភដល់ប្រតិបត្តិការមួយនេះឲ្យប្រព្រឹត្តិទៅដោយជោគជ័យ។ ចាប់ពីពេលនេះទៅក្រុមគ្រួសារលោកពូ និងក្រុមគ្រួសារដទៃទៀតនឹងអាចរកចំណូលពីការដាំស្រូវនិងដំឡូងនៅលើដីនេះដោយគ្មានភាពភ័យខ្លាចទៀតហើយ។
នាយករងប្រតិបត្តិជាន់ខ្ពស់នៃធនាគារ ភីភីស៊ីប៊ែង, លោក ញក់ គឹមស្រូយ មានប្រសាសន៍ថា “ឃើញស្នាមញញឹមរបស់ក្រុមគ្រួសារនិងកូនៗរបស់ពួកគាត់ពិតជាធ្វើឲ្យយើងមានការរំភើបដែលការសហការនេះអាចជួយជ្រោមជ្រែង និងផ្លាស់ប្ដូរជីវភាពរស់នៅរបស់ពួកគាត់មួយចំណែកធំ។” លោក គឹមស្រូយបានបន្ថែមថា “ដើម្បីសម្រេចគោលដៅនៅឆ្នាំ2025ក្នុងការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យើងនៅមានផ្លូវដ៏វែងឆ្ងាយទៀត។ ហើយយ៉ាងណាមិញធនាគារភីភីស៊ីប៊ែងនឹងបន្តសហការឧបត្ថម្ភដល់អង្គការអាប៉ូប៉ូក្នុងបេសកកម្មជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាទាំងមូល។”
លោកមេឃុំ ហ៊ាង គង់ មានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគាភីភីស៊ីប៊ែងដែលបានឧបត្ថម្ភដល់កណ្ដុរអាប៉ូប៉ូ និងអ្នកមើលថែកណ្ដុរហិតមីន។ ទឹកចិត្តដ៏សប្បុរសរបស់ធនាគារពិតជាបានជួយការពារដល់អនាគតរបស់កម្ពុជា។ កូនចៅរបស់ពួកយើងទទួលបានសុខសុវត្ថិភាពផ្លូវកាយនិងចិត្តក្នុងការសិក្សារៀនសូត្រដូចក្មេងៗដ៏ទៃទៀតផងដែរ។
វាពិតជាមានន័យណាស់សម្រាប់ពួកយើងទាំងអស់គ្នា ហើយយើងក៏សូមជូនពរដល់ធនាគារឲ្យទទួលបានជោគជ័យគ្រប់ភារៈកិច្ចនាពេលអនាគត។”
ធនាគារភីភីស៊ីប៊ែងមានមោទនភាពដែលបានចូលរួមចំណែកក្នុងការធ្វើការឲ្យការរស់នៅរបស់មនុស្សជំនាន់ក្រោយកាន់តែមានសុវត្ថិភាព។ ទោះបីជាបច្ចុប្បន្នភាពនៃពិភពលោកមានស្ថានភាពលំបាក ប៉ុន្តែយើងត្រេកអរដែលក្នុងពេលនេះយើងអាចជួយដល់ប្រជាជនខ្មែរ និងអាចឲ្យគាត់ចងចាំពេលវេលាដ៏មានន័យនៅថ្ងៃនេះ។
យើងក៏សង្ឃឹមថាការសហការរបស់យើងនេះនឹងជម្រុញឲ្យមានការចូលរួមបន្ថែមពីសំណាក់ក្រុមហ៊ុននានាក្នុងការជួយគាំទ្រអង្គការអាប៉ូប៉ូក្នុងបេសកកម្មបោសសម្អាតមីន ហើយប្រតិបត្តិការកន្លងមករបស់អង្គការអាប៉ូប៉ូបានផ្ដល់លទ្ធផលវិជ្ជមានដែលមិនអាចកាត់ថ្លៃបានដល់ប្រជាជនកម្ពុជាឲ្យចៀសផុតពីផលប៉ះពាល់នៃគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។