Skip to main content

ចំណាប់អារម្មណ៍ដ៏ខ្លាំងសម្រាប់ដំណាក់កាលទី២នៃការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មជាសាធារណៈឆ្លុះបញ្ចាំងពីទំនុកចិត្តលើដំណើរការអាជីវកម្ម និងស្ថេរភាពរបស់ PPCBank


(ភ្នំពេញថ្ងៃទី៨ខែតុលាឆ្នាំ២០២០) ធនាគារ PPCBank បានប្រកាសពីការបោះផ្សាយជាសាធារណៈនូវសញ្ញាបណ្ណសាជីវកម្មដំណាក់កាលទី២ ដោយជោគជ័យនៅក្នុងសន្និសីទសារព័ត៌មាន ចំពោះការចុះបញ្ជីសញ្ញាបណ្ណដែលប្រារព្វធ្វើឡើងនៅផ្សារមូលបត្រកម្ពុជា (CSX) ។

ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាធនាគារ PPCBankបានសម្រេចកៀគរទុន៤០ពាន់លានរៀលពីសញ្ញាបណ្ណសាជីវកម្មជាផ្លូវការដំណាក់កាលទី២នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០។ បើទោះបីជាការរាលដាលនៃជំងឺកូវីដ១៩នៅតែបន្តវិនិយោគិនដែលមកពីស្ថាប័នផ្សេងៗជាច្រើននៅតែ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ PPCBank សម្រាប់ការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម ដំណាក់កាលទី២នេះ ហើយនឹងត្រូវធ្វើការចុះបញ្ជីជាផ្លូវការ នៅក្នុងផ្សារមូលបត្រកម្ពុជា នាថ្ងៃទី៩ខែតុលាឆ្នាំ២០២០។

លោកShin Chang Moo នាយកប្រតិបត្តិធនាគារPPCBankបានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយ ដែលបានបោះផ្សាយសញ្ញាបណ្ណសាជីវកម្មជាសាធារណៈ ដំណាក់កាលទី១និងទី២ ក្នុងឆ្នាំនេះទោះបីមានការផ្ទុះឡើង នៃជំងឺកូវីដ១៩ក៏ដោយ។ ចំណាប់អារម្មណ៍ដ៏ខ្លាំងខ្លាសម្រាប់សញ្ញាបណ្ណសាជីវកម្មរបស់យើង ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនទៅលើការដំណើរការអាជីវកម្ម និងស្ថេរភាពដ៏រឹងមាំរបស់យើង។ យើងក៏សូមថ្លែងអំណរគុណដល់វិនិយោគិនទាំងអស់ដែលបានចំណាយពេលវេលានិងថវិកាក្នុងការវិនិយោគលើ សញ្ញាបណ្ណសាជីវកម្មរបស់យើងក្នុងអំឡុងពេលដ៏លំបាកនេះ។

លោកHan Kyung Tae នាយកគ្រប់គ្រងក្រុមហ៊ុនYuanta Securities បានមានប្រសាសន៍ថា​ “ដោយសារ តែមានការរាតត្បាតពីជំងឺកូវីដ១៩ យើងបានណែនាំឱ្យ ធនាគារPPCBank ធ្វើការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម ជាពីរដំណាក់កាល។ នេះគឺជាវិធីសាស្រ្តថ្មីមួយដែលមិនត្រូវ បានធ្វើពីមុននៅក្នុងប្រទេសកម្ពុជានោះទេ។ យើងអាចបញ្ចប់គម្រោងនេះដោយជោគជ័យដោយសារ មានការប្តេជ្ញាចិត្តពី ធនាគារPPCBank និង​ការគាំទ្រយ៉ាងមុតមាំពីសំណាក និយតករនិងការចូលរួមពីក្រុមហ៊ុនធានារ៉ាប់រងក៏ដូចជាស្ថាប័នធនាគារជាច្រើននៅក្នុងប្រទេស។

គួរបញ្ជាក់ផងដែរថា ធនាគារPPCBank បានចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មដំណាក់កាលទី១ នៅថ្ងៃទី២១ខែមេសាឆ្នាំ២០២០ ស្របពេលដែលប្រទេសកម្ពុជា កំពុងតែជួបបញ្ហានិងផលប៉ះពាល់ពីជំងឺកូវីដ១៩។ ការប្រារព្ធពិធីត្រូវបានរៀបចំឡើង ដោយមានការកំណត់ចំនួនអ្នកចូលរួម និងការគោរព​និងអនុវត្ត យ៉ាងតឹងរឹងតាម​បទបញ្ជារបស់រដ្ឋាភិបាលស្តីពី ការរក្សាគម្លាតសង្គម និងបទដ្ឋានអនាម័យខ្ពស់។

សរុបជារួមធនាគារPPCBankបានចេញសញ្ញាបណ្ណសាជីវកម្មសរុបចំនួន៨០ពាន់លានរៀលជា២ដំណាក់កាលដែលមានរយៈពេល៣ឆ្នាំហើយអត្រាការប្រាក់ រហូតដល់៦, ៥% ក្នុងមួយឆ្នាំ។