Skip to main content

សារពីនាយកប្រតិបត្តិ

សួស្ដីអ្នកទាំងអស់គ្នា

ធនាគារ PPCBank របស់យើង សម្រេចបានសមិទ្ធផលដ៏អស្ចារ្យជាច្រើនក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ ដោយបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ PPCBank បានក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយ ដែលទទួលបានទំនុកចិត្តខ្ពស់ពីប្រជាជនកម្ពុជាសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ PPCBank បាន សហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈការលើកកម្ពស់វប្បធម៌នៃការសន្សំប្រាក់ និងកាត់បន្ថយអត្រានៃអ្នកមិនមានគណនីធនាគារនៅក្នុងប្រទេសកម្ពុជា។ ទាំងអស់នេះមិនត្រឹមតែបានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍរបស់ធនាគារ PPCBank រយៈពេល ១៥ឆ្នាំ កន្លងមកទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងមួយផងដែរពីវឌ្ឍនភាពរបស់សហគមន៍ដែលយើងបម្រើ សហការីដែលយើងធ្វើការជាមួយ អគារដែលយើងធ្វើការរាល់ថ្ងៃ និងផលិតផលដែលយើងមានមោទនភាពផ្តល់ជូន។

PPCBank ទទួលបានភាគហ៊ុននិកដ៏រឹងមាំពីក្រុមហ៊ុន JB Financial Group ក្នុងឆ្នាំ ២០១៦ ដែលនេះគឺជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការធ្វើឲ្យធនាគារ PPCBank អាចពង្រីកបណ្តាសាខា និងទូ ATM របស់ខ្លួនបានយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ភាពរីកចម្រើន និងវឌ្ឍនភាពទាំងនេះ សម្រេចទៅបានក្រោមចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ PPCBank ចាប់តាំងពីថ្ងៃចាប់ផ្តើមដំបូង។

LEE Jin Young, President of PPCBank

អ្វីដែលធ្វើឲ្យខ្ញុំមានមោទនភាពបំផុតនោះ គឺការឆ្លើយតបរបស់ធនាគារ PPCBank ចំពោះវិបត្តិកូវីដ-១៩។ ក្នុងអំឡុងឆ្នាំ២០២០ និង២០២១ និងជាពិសេសឆ្នាំ២០២២ តុល្យភាពត្រូវបានរំខាន ហើយអាទិភាពចម្បងផ្សេងៗត្រូវបានវាយតម្លៃឡើងវិញនៅទូទាំងពិភពលោក។ កំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះ និង វិបត្តិសេដ្ឋកិច្ចដើរថយក្រោយ បានបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុ និងអតិថិជនរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី ក្នុងនាមជាធនាគារឈានមុខគេមួយ ដែលមានការប្តេជ្ញាខ្ពស់ក្នុងការក្លាយជាជម្រើសដំបូងរបស់អតិថិជននៅកម្ពុជា ក្រោមការជឿទុកចិត្ត និងការគាំទ្រយ៉ាងមុតមាំពីសំណាក់ភាគហ៊ុននិករបស់យើងនោះ បានប្រែក្លាយ PPCBank ទៅជាធនាគារមួយដែលអាចបំពេញតម្រូវការជាក់លាក់នៃសេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិជនខ្លួន ដែលកំពុងមានចំនួនកើនឡើងជាលំដាប់។

ខ្ញុំជឿជាក់ថាបេសកកម្មថ្មីរបស់យើងដែលផ្តោតលើ “បរិមាណ និងគុណភាព” នឹងជួយបង្កើនការស្គាល់ផលិតផល និងសេវាកម្មធនាគារ PPCBank ឲ្យបានកាន់តែទូលំទូលាយថែមទៀតនៅលើទីផ្សារ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិករបស់យើង យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកំណើននៅក្នុងទីផ្សារតាមរយៈការអភិវឌ្ឍទីផ្សារគោលដៅ និងការស្វែងយល់ពី តម្រូវការទីផ្សារទៅតាមប្រភេទផ្សេងៗគ្នានៃអតិថិជន ដែលរួមមានទាំងអតិថិជនជាលក្ខណៈបុគ្គល ឬ សាជីវកម្ម។ ការអភិវឌ្ឍទីផ្សារគោលដៅ គឺជាការបង្កើតភាពខុសប្លែកគ្នាអំពីផលិតផល ឬសេវាកម្ម ហើយក្នុងន័យនេះខ្ញុំមើលឃើញ៣ចំណុចធំៗ ដែលជួយឲ្យធនាគារ PPCBank យើងសម្រេចបានជោគជ័យរួចមកហើយ។

ទី១៖ ការស្គាល់ខ្លួនឯង

យើងដឹងច្បាស់ហើយថា យើងគឺជាធនាគារមួយដែលអាចសម្រេចចិត្តបានឆាប់រហ័សក្នុងការផ្តល់សេវាប្រកបដោយភាពច្នៃប្រឌិត និងបត់បែនខ្ពស់ព្រមទាំងមានឯកទេសលើការផ្តល់សេវាកម្មដល់អតិថិជនសាជីវកម្ម និងអតិថិជនដែលប្រើប្រាស់ Mobile App ផងដែរ។ បុគ្គលិកជំនាញ របស់យើងរីករាយផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុតដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់អតិថិជននីមួយៗ។ ការយកចិត្តទុកដាក់ខ្លាំងត្រង់ចំណុចនេះនឹងនាំធនាគារ PPCBank ឆ្ពោះទៅរកភាពជោគជ័យថែមមួយកម្រិតទៀត។

ទី២៖ ការកំណត់តម្រូវការរបស់អតិថិជន

អតិថិជននាពេលបច្ចុប្បន្ននេះ មានតម្រូវការខ្ពស់លើផលិតផល និងសេវាកម្មធនាគារ។ មូលហេតុនេះហើយទើបយើងខិតខំស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីតម្រូវការរបស់ពួកគេ រួមទាំងការណែនាំផលិតផលពាក់ព័ន្ធដែលសមស្របទៅតាមស្ថានភាព និងរក្សាកំណើនអតិថិជនឲ្យបន្តប្រើប្រាស់ផលិតផល និងសេវាកម្មថ្មីៗតាមរយៈបណ្តាញជាច្រើនរបស់យើង។

ទី៣៖ សេវាកម្មប្រកបដោយវិជ្ជាជីវៈច្បាស់លាស់

ការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈបុគ្គលិក គឺជាចំណុចស្នូលនៃភាពជោគជ័យរបស់ធនាគារ PPCBank។ ជាមួយនឹងបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ PPCBank នឹងមានធនធានដែលមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ដើម្បីបម្រើសេវាជូនអតិថិជនប្រកបដោយទំនុកចិត្តបំផុត។

ពិសេសជាងនេះទៅទៀត PPCBank កំពុងផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបឈានមុខគេសម្រាប់បំពេញតម្រូវការខុសៗគ្នារបស់អតិថិជន។ ទន្ទឹមនឹងនេះ PPCBank ក៏ផ្ដល់មធ្យោបាយងាយស្រួលសម្រាប់អតិថិជន អោយទទួលបានព័ត៌មានពីផលិតផល ឬសេវាកម្មល្អៗ របស់ធនាគារផងដែរ តាមរយៈការអញ្ជើញមកកាន់សាខាធនាគារផ្ទាល់ ឬទូរស័ព្ទមកផ្នែកបម្រើសេវាអតិថិជន ឬ Live Chat តាមគេហទំព័រ PPCBank, PPCBank Mobile App, smartBiz និងផេក Facebook ផ្លូវការរបស់ធនាគារ។

PPCBank នឹងបន្តអភិវឌ្ឍផលិតផល និងបច្ចេកវិទ្យារបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ដើម្បីធានាបានថាអតិថិជននឹងទទួលបានសេវាហិរញ្ញវត្ថុសម្បូរបែប ដែលអាចសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ PPCBank បានយកចិត្តទុកដាក់ជាចម្បងលើការគ្រប់គ្រងសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់ដោយអតិថិជន។ពាក្យស្លោករបស់យើងគឺ “EasyBanking” នឹងបន្តផ្តល់ជូនសេវាធនាគារទំនើប និង ងាយស្រួលរបស់ PPCBank នៅទូទាំងប្រទេស

ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះអតិថិជនរបស់យើង ដែលបានផ្តល់ការជឿទុកចិត្តមកលើធនាគារ PPCBank។ លើសពីនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់បុគ្គលិកគ្រប់រូបនៃធនាគារ PPCBank ផងដែរ ដែលតែងតែប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការផ្ដល់សេវាកម្មដ៏ល្អបំផុតជូនដល់អតិថិជនយើង។

សូមអរគុណសម្រាប់ការជ្រើសរើសធ្វើអាជីវកម្មជាមួយ PPCBank។
ខ្ញុំសង្ឃឹមថាលោកអ្នកនឹងទទួលបានភាពរីករាយពីសេវាធនាគារដែលមានភាពរហ័ស និងងាយស្រួលបំផុតរបស់យើង។

ដោយក្ដីគោរពពីខ្ញុំ

លោក LEE Jin Young

នាយកប្រតិបត្តិនៃធនាគារ PPCBank