Skip to main content

ធនាគារ PPCBank ចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា

កាលបរិច្ឆេទ: July 16, 2024

ធនាគារ PPCBank បានបង្ហាញជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងបុព្វហេតុមនុស្សធម៌ តាមរយៈការចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងកៀរគរការបរិច្ចាគពីសប្បុរសជននានា ដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុផ្ផា សម្រាប់បន្តធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារ នៅកម្ពុជា។ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា បានចាប់ផ្តើមដំណើរការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ស្របពេលជាមួយនឹងការប្រារព្ធ ទិវាកុមារអន្តរជាតិ ១មិថុនា។


ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ មូលនិធិគន្ធបុប្ផាទទួលយកការបរិច្ចាគពីសប្បុរសជន ចំនួន ១ម៉ឺនរៀល (2.5 ដុល្លារ) ឬច្រើនជាងនេះ ទៅតាមលទ្ធភាព។ ក្នុងនោះ ធនាគារ PPCBank ក៏បានរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការជំរុញការរៃអង្គាសថវិកា តាមរយៈមធ្យោបាយបរិច្ចាគជាមួយ PPCBank KHQR និងលេខគណនីធនាគារ។ ថវិកាដែលទទួលបានពីការបរិច្ចាគរបស់អតិថិជន ថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ PPCBank និងសាធារណជនទូទៅ នៅក្នុងយុទ្ធនាការរយៈពេល៣០ថ្ងៃនេះ មានចំនួនសរុប 4,100,000 រៀល។

ការចូលរួមរបស់ធនាគារ PPCBank ក្នុងយុទ្ធនាការរៃអង្គាសថវិកាប្រចាំឆ្នាំនេះ គឺជាការជួយជ្រោមជ្រែងសំខាន់មួយដល់មូលនិធិ ក្នុងការធានានិរន្តរភាពរបស់មន្ទីរពេទ្យ គន្ធបុប្ផា សម្រាប់បន្តប្រតិបត្តិការសេវាថែទាំសុខភាពរបស់ខ្លួននៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

ធនាគារ PPCBank មានមោទនភាព ដែលបានចូលរួមគាំទ្រដល់បុព្វហេតុសប្បុរសធម៌ ដ៏មានតម្លៃនេះ និងសូមថ្លែងអំណរគុណសប្បុរសជនទាំងអស់ សម្រាប់ការបរិច្ចាគថវិកា របស់ខ្លួនជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕