Skip to main content

ធនាគារ ភីភីស៊ីប៊ែងចូលរួមលើកកម្ពស់និងផ្តល់ការគាំទ្រដល់ក្រុមអ្នកសង្គ្រោះជីវិតមនុស្សពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ


រាជធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែ​សីហា​ ឆ្នាំ​២០២០​​៖ ធនាគារ​ ភីភីស៊ីប៊ែង​ (PPCBank) ​​បាន​​ចូល​រួមនៅ​ក្នុង​គម្រោងមនុស្សធម៌ដើម្បី​ ​បោសសំអាត​ និង​កំចាត់​មីន​ ជាមួយអង្គការក្រៅរាជរដ្ឋាភិបាលមួយដែល មានឈ្មោះថា ​​ អាប៉ូប៉ូ (APOPO)​ ដើម្បី​ធ្វើ​ការ​បោស​សំអាត​​​​​​​ជាតិ​ផ្ទុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​។​

​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​​ដែល​មាន​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែលបាន​​បន្សល់​មក​ពី​​សង្គ្រាម​អស់​ជាង​៣ទសវត្សរ៍។​​

ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ ដែលរួម​មាន​ខេត្ត​សៀម​រាប​ផង​ដែរនោះ​ កំពុង​រង​ផល​ប៉ះពាល់​​ បណ្តាល​មក​ពីសំណល់​ជាតិ​ផ្ទុះ​​ដែល​នៅ​សេស​សល់​ពី​សង្គ្រាម​​លើ​ផ្ទៃ​ដី​ប្រមាណ ១០០០ គីឡូម៉ែត​ការ៉េ ឬ​ដែល​ស្មើ​នឹង​៣​ដង​នៃ​ទំហំខេត្ត​កែប​។ ចំនួន​ដ៏​ច្រើន​លើស​លប់​នេះ​បាន​ធ្វើ​ឲ្យ​​​​ចំនួន​ជន​ពិការ​ដែល​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​នៃ​គ្រាប់​មីនមាន​​ប្រមាណ​ ៤០ ០០០​នាក់​។

ក្រោម​កិច្ចប្រតិបត្តិការ​របស់​ APOPO ប្រជាជន​នៅ​ក្នុង​ភាគ​ខាង​ជើង​ខេត្ត​សៀ​ម​រាប​នឹង​អាច​ប្រើប្រាស់​ដី​របស់​ពួក​គេ​ឡើង​វិញ​ប្រកប​ដោយ​ទំនុក​ចិត្ត និង​​ត្រលប់​ទៅ​រស់​នៅ​ក្នុង​ជីវភាព​មួយ​ដែល​សមរម្យ​និង​មិន​ព្រួយ​បារម្ភអំពី​គ្រោះថ្នាក់​ជាយថាហេតុ​ដែល​បណ្តាលមក​ពី​គ្រាប់​មីន​ទៀត​ឡើយ​។ ពួក​គេ​ក៏​នឹងទទួល​បាន​តម្រូវ​ការជា​​មូល​ដ្ឋាន​ដូច​ជា​ប្រភពទឹក​ និង​ផ្លូវ​ថ្នល់​សំខាន់ៗ​ ហើយក៏អាចចាប់​ផ្តើម​ប្រកប​របរ​កសិកម្ម​ដាំដុះ​និង​តាំង​ទី​លំនៅជា​ដើម​។ ចំណែក​កូន​ៗ​របស់​ពួក​គេ​ក៏​នឹង​អាច​រត់​លេងនៅ​ជុំ​វិញ​ផ្ទះ​ដោយ​គ្មាន​ភាព​ប្រថុយ​ប្រថាន​និង​ ត្រលប់​ទៅ​សាលា​រៀន​តាម​ផ្លូវ​ថ្នល់​​ដែល​ប្រកបដោយសុវត្ថិភាព​​។​

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥​ APOPO បាន​នាំ​យក​កណ្តុរ​ហិត​មីនពី​ទ្វីប​អាហ្រ្វិក​ ​ចំនួន​ ៤៣​ក្បាលមកកាន់​​ប្រទេស​កម្ពុជាជា​លើក​ដំបូង​​​ដើម្បី​ធ្វើ​ការ​ស្វែង​រក​មីន​។ ដោយ​សារ​តែ​ភាព​វ័យ​ឆ្លាត​ពី​ធម្មជាតិ​ ក្នុង​ការ​ហិត​ក្លិន​ កណ្តុរ​ហិត​មីនមួយ​អាច​ធ្វើ​ប្រតិបត្តិការ​ហិត​ស្វែង​រក​មីន​ក្នុង​ទំហំ​ដី​ ៤០០​ម៉ែត​ការ៉េ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុន​នោះ បើ​ប្រៀប​ធៀប​ទៅ​នឹង​​​ក្រុម​​អ្នក​បោស​សំអាត​មីនដែល​ប្រើពេល​រហូត​ដល់​៦​ថ្ងៃ​។​​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ APOPO គឺជា​អង្គការ​ដំបូង​គេ​ដែល​បាន​ធ្វើ​កា​រសិក្សា​និង​ហ្វឹក​ហាត់​​​​កណ្តុរ​អាហ្រ្វិក​សម្រាប់ប្រតិបត្តិការ​ស្វែង​រក​មីន​​ ដើម្បី​​រួម​បញ្ចូល​នៅ​ក្នុង​វិធី​សាស្ត្រ​នៃ​ការ​ស្វែង​រក​​មីនដទៃទៀត​​។ កា​រ​រួម​បញ្ចូល​ប្រតិបត្តិការ​កណ្តុរ​ហិត​មីន​នេះ​ បាន​ពន្លឿន​ដល់​បេសកកម្ម​ស្វែង​រក​និង​កំចាត់​​មីន​ដែល​​រហូត​មក​ដល់​បច្ចុប្បន្ន​ ក្រុម​ការងារ ​​APOPO បានធ្វើ​ការ​បោសសំអាត​មីន​លើ​ផ្ទៃ​ដី​សរុប​១៨ ៤៦៩ ៥៤៩ ម៉ែត​ការ៉េ​នៅ​ទូទាំង​ប្រទេសកម្ពុជា​​ និង​បាន​រក​ឃើញ​គ្រាប់​មីន​ចំនួន ៥៧៥៩ និង​សំណល់​ជាតិផ្ទុះ​ចំនួន ៤០៩៥៤។

ធនាគារ​ PPCBank តែង​តែស្វែង​រក​វិធី​ក្នុង​ការ​​ផ្តល់​ជំនួយ​ដល់​អ្នក​ដែល​កំពុង​ជួប​បញ្ហាប្រឈម​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នេះ ធនាគារ​ ​ PPCBank បាន​បរិច្ចាគ​ទឹក​ប្រាក់​ ៦០០០ ដុល្លារ​​ ដល់​ APOPO ​ដែល​ការ​បរិច្ចាគ​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​​​កណ្តុរហិត​មីន​​​​ ដូច​ជា​ការចំណាយទៅ​លើ​​ចំណី​អាហារ​ ឧបករណ៍​​បំពាក់​លើ​កណ្តុរ ប្រាក់​បៀវត្ត​របស់​អ្នក​មើល​ថែ​កណ្តុរ និង​សុខុមាល​ភាព​របស់​កណ្តុរ​ជា​ដើម។

លោក Shin Chang Moo ដែលជានាយកប្រតិបត្តិនៃធនាគារ PPCBank ​បាន​មាន​ប្រសាសន៍​​ថា​៖ «ពួក​យើង​ពិត​ជា​មាន​ការ​សោកស្តាយចំពោះ​ប្រជាជន​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​នៃ​ខេត្ត​សៀម​រាប​​ដែល​បាន​ដឹង​ថា​ពួក​គេ​កំពុង​​រស់​នៅ​ក្នុង​ស្ថានភាព​ប្រថុយ​ប្រថាន​និង​គ្មាន​សុវត្ថិភាព ហើយ​ពិបាក​សូម្បី​តែ​បោះជំហាន​ចេញ​ពីផ្ទះ ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ ​ឬ​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​។ ហេតុដូចនេះ​ហើយ​ វា​ជា​ ​កិត្តិ​យសណាស់​សម្រាប់​ពួក​យើង​ ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​ APOPO សម្រាប់​​បេសកកម្ម​ដ៏​អស្ចារ្យ​និង​គួរឲ្យ​កោត​សសើរ ​»។

លោក​ Michael Heiman ដែល​ជា​​​ប្រធាន​​គ្រប់​គ្រង​​គម្រោង​របស់​ APOPO ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​​​បរិច្ចាគ​របស់​ធនាគារ​​នឹង​អាច​ឲ្យ​ក្រុម​ការងារ​របស់​យើង​​ ធ្វើ​ការ​ស្វែង​រកមីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះក្នុង​ខេត្ត​សៀម​រាប​​លើផ្ទៃ​​ដី​ទំហំចន្លោះប្រមាណ​ពី​ ២៣០០០​ទៅ ២៥០០០ ម៉ែត​ការ៉េ​​ ដែល​ស្មើ​នឹង​ផ្ទៃដី​ទីលាន​បាល់​ទាត់​ចំនួន ២ដង ​​​​។ ពួក​យើង​​​​សង្ឃឹម​ថា​​​ ​ការ​​បរិច្ចាគ​នេះ​អាចសង្គ្រោះ​​​និង​ផ្តល់​ក្តី​សង្ឃឹម​សារជា​ថ្មី​ម្តង​ទៀត​ដល់​ប្រជាជន​កម្ពុជាក្នុង​ការ​រស់​ប្រកបដោយ​ជីវិត​ដ៏ពេញ​លេញ​មួយ​»៕​