Skip to main content

PPCBank មានមោទនភាព គាំទ្រព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest 2.0

កាលបរិច្ឆេទ: March 31, 2024

ធនាគារ PPCBank ជាដៃគូសហការទូទាត់ប្រាក់ផ្លូវការនៃព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ Skyfest 2.0 ឆ្នាំ2024 ដែលបានប្រារព្ធឡើងកាលពីចុងសប្តាហ៍ថ្ងៃទី30-31 ខែមីនា។ ការឧបត្ថម្ភរបស់ធនាគារ PPCBank ក្នុងព្រឹតិ្តការណ៍ Skyfest 2.0 គឺជាផ្នែកមួយនៃកម្មវិធី “សម្រស់ទឹកដីកម្ពុជា” ដែលផ្តួចផ្តើមឡើងដោយ ធនាគារ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចនៅក្នុង ប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំដោយក្រុមហ៊ុន Canopy Sands Development និងធ្វើឡើងនៅ រមណីយដ្ឋាន Bay of Lights ក្រុងព្រះសីហនុ ដោយមានការចូលរួមបង្ហោះខ្លែងពីក្រុមអន្តរជាតិមកពី 8 ប្រទេស រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន។ Skyfest បានក្លាយជាព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលបានទាក់ទាញ អ្នកចូលរួមយ៉ាងច្រើនកុះករកាលពីឆ្នាំ 2023 កន្លងទៅ។


ជាមួយនឹងកម្មវិធីបង្កើតឡើង ក្នុងគោលបំណងផ្សព្វផ្សាយ លើកកម្ពស់ការថែរក្សាវប្បធម៌ប្រពៃណីជាតិ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest 2.0 ទទួលបានជោគជ័យយ៉ាងធំធេង ដោយមានអ្នកចូលរួមប្រមាណជា 2 ម៉ឺននាក់ ដែលចំនួនមានការ កើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន។ អ្នកចូលរួមព្រឹត្តិការណ៍ទទួលបាននូវភាពរីករាយជាមួយនឹង សកម្មភាពជាច្រើនមានដូចជា៖ ទស្សនាការបង្ហោះខ្លែងរាប់ពាន់នៅលើអាកាស សិក្ខាសាលារបៀបធ្វើ ខ្លែងខ្មែរ ចម្លាក់ខ្សាច់សិល្បៈខ្មែរ សកម្មភាពជិះស្គីទឹក ការបង្ហាញសៀកសិល្បៈភ្លើង និងការបញ្ចាំង សិល្បៈពន្លឺឡាស៊ែរ ព្រមទាំងសកម្មភាពកម្សាន្តសប្បាយៗជាច្រើនទៀត។

ធនាគារ PPCBank ពិតជាមានមោទនភាព ក្នុងការគាំទ្រព្រឹត្តិការណ៍បង្ហោះខ្លែងដ៏ធំនៅកម្ពុជា ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការជំរុញការចូលរួមពីសហគមន៍ ការលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ប្រពៃណីជាតិ និងការគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុង ប្រទេសកម្ពុជា។ តាមរយៈការចូលរួមជាដៃគូទូទាត់ប្រាក់ផ្លូវការនៃព្រឹត្តិការណ៍នេះ ធនាគារ PPCBank មិនត្រឹមតែបានបង្កើនភាពមើលឃើញនៃផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកលើកតម្កើងបេតិកភណ្ឌវប្បធម៌ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច សម្រាប់ជា ផលប្រយោជន៍ដល់សង្គមជាតិទាំងមូលផងដែរ៕