Skip to main content

ធនាគារ PPCBank ចូលរួមគាំទ្រព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១០


សៀមរាប ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៖ ដើម្បីរួមចំណែកលើកកម្ពស់បរិស្ថាន និងសុខភាពរបស់កុមារកម្ពុជា ធនាគារ PPCBank មានមោទភាពដែលបានចូលរួមឧបត្ថម្ភ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១០” ដែលធ្វើឡើងនៅលើទឹកដីដ៏អច្ឆរិយនៃខេត្តសៀមរាប។ កម្មវិធីនេះ រៀបចំឡើងដោយ មន្ទីរពេទ្យកុមារអង្គរ (AHC) និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) ដោយមានអ្នកចូលរួមមកពីគ្រប់ទិសទីសរុបប្រមាណជាង ១.០០០នាក់។


ការចូលរួមរបស់ធនាគារ PPCBank នៅក្នុងព្រឹត្តិការណ៍នេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ក្នុងការលើកកម្ពស់និរន្តរភាពបរិស្ថាន និងគាំទ្រដល់ សុខុមាលភាពកុមារ។ ធនាគារ PPCBank ជឿជាក់ថា ការជិះកង់ គឺជាមធ្យោបាយធ្វើដំណើរមួយ ដែលនាំមកនូវទាំងសុខភាពល្អ និងបរិស្ថានស្អាត ហើយតាមរយៈការចូលរួមរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះផងដែរ នឹងជួយជំរុញប្រជាពលរដ្ឋ ឲ្យប្រកាន់យកការរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងគុណភាពខ្ពស់សម្រាប់កុមារ។ ព្រឹត្តិការណ៍ឆ្នាំនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានប្រមូលផ្តុំអ្នកជិះកង់ មកពីគ្រប់មជ្ឈដ្ឋានចូលរួមគាំទ្រនៅក្នុងបុព្វហេតុដ៏ថ្លៃថ្លានេះ។

ចំពោះការគាំទ្ររបស់ធនាគារ PPCBank សម្រាប់ព្រឹត្តិការណ៍ជិះកង់នេះ គឺស្របជាមួយនឹងជំនឿរបស់ធនាគារ ដែលថាសុខភាពរបស់កុមារគឺជាទ្រព្យដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងត្រូវបានកត់សម្គាល់ថាជា ចំណែកមួយក្នុងការចូលរួមលើកកម្ពស់សុខភាពកុមារ ឲ្យកាន់តែប្រសើរ និងជួយជំរុញ កំណើនភ្ញៀវទេសចរខេត្តសៀមរាបផងដែរ៕