Skip to main content

ធនាគារ PPCBank និងសាកលវិទ្យាល័យបៀលប្រាយ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពី “សេវាទូទាត់ឌីជីថល”

កាលបរិច្ឆេទ: July 29, 2024

ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ – ធនាគារ PPCBank ដែលជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា រួមជាមួយដៃគូរបស់ខ្លួន គឺក្រុមហ៊ុន Kosign បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយនឹង សាកលវិទ្យាល័យបៀលប្រាយ។ ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ PPCBank និងក្រុមហ៊ុន Kosign ព្រមទាំងសាកលវិទ្យាល័យបៀលប្រាយ នឹងសហការគ្នាទៅលើការ ផ្តល់ដំណោះស្រាយទូទាត់ថ្លៃសិក្សាតាមប្រព័ន្ធឌីជីថល ក៏ដូចជាសេវាកម្មឌីជីថល មួយចំនួនទៀត។ កិច្ចព្រមព្រៀងនេះផងដែរ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងការរួមចំណែកលើកកម្ពស់វិស័យអប់រំ និងវិស័យធនាគារនៅកម្ពុជា។


អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោក LEE Jin Young នាយកប្រតិបត្តិ នៃធនាគារ PPCBank និងលោកសាស្រ្តាចារ្យ ឌៀប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់និស្សិតបៀលប្រាយឲ្យ ទទូលបាននូវភាពងាយស្រួល លឿន រហ័ស ក្នុងការទូទាត់ថ្លៃសិក្សារបស់ខ្លួន តាមរយៈប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ PPCBank ដោយប្រើប្រាស់សេវាកម្ម WeBill365។

លោក LEE Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានមានប្រសាសន៍ក្នុងពិធី នេះថា៖ “យើងខ្ញុំពិតជាមានកិត្តិយសក្រៃលែងចំពោះការជឿជាក់របស់សាកលវិទ្យាល័យ បៀលប្រាយមកលើធនាគារ PPCBank និងក្រុមហ៊ុនដៃគូរបស់យើង គឺក្រុមហ៊ុន Kosign ក្នុងការជួយសម្របសម្រួលកិច្ចការដ៏សំខាន់នេះ។ ភាពជាដៃគូនាពេលនេះ នឹងផ្តល់ ផលប្រយោជន៍ជាច្រើនសម្រាប់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ដោយពួកគាត់ នឹងទទួលបានភាពងាយស្រួលជាងមុន ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយធនាគារ PPCBank”។

លោកសាស្រ្តាចារ្យ ឌៀប សីហា សាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយ បានបង្ហាញសុទិដ្ឋិនិយម ចំពោះការសហការលើភាពជាដៃគូនេះ ដោយលោក មានប្រសាសន៍ថា៖ “សាកលវិទ្យាល័យបៀលប្រាយ និងធនាគារ PPCBank មានទស្សនៈវិស័យរួមគ្នាមួយ តាមរយៈកិច្ចខិតខំប្រឹងប្រែង ក្នុងការកែលម្អប្រព័ន្ធ ទូទាត់ប្រាក់ឌីជីថល ប្រកបដោយភាពសុវត្ថិភាព និងងាយស្រួល”។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់នេះ ថែមទាំងបានជំរុញដល់ការ ប្រើប្រាស់របស់និស្សិតសាកលវិទ្យាល័យបៀលប្រាយ ក្នុងការទូទាត់ថ្លៃសិក្សា និងសេវាផ្សេងៗទៀតរបស់ខ្លួនតាមបែបឌីជីថល។ ប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ PPCBank នឹងផ្តល់នូវភាពងាយស្រួល ចំណេញពេលវេលា ព្រមទាំងកាត់បន្ថយ ការចំណាយលើការធ្វើដំណើរមកកាន់សាខាធនាគារ ឬការិយាល័យរបស់ សាកលវិទ្យាល័យបៀលប្រាយ ដោយផ្ទាល់ផងដែរ។

ធនាគារ PPCBank ជឿជាក់ថា កិច្ចសហការថ្មីនេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយសាកលវិទ្យាល័យបៀលប្រាយប៉ុណ្ណោះទេ ប៉ុន្តែក៏បានត្រួសត្រាយផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ចំពោះនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា។ លើសពីនេះ និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ នឹងកាន់តែមានភាព ងាយស្រួលថែមទៀត ក្នុងការធ្វើប្រតិបត្តិការទូទាត់តាមរយៈ dynamic KHQR របស់កម្មវិធី WeBill365 រួមទាំងប្រព័ន្ធបាគង និងសេវាធនាគារអេឡិចត្រូនិករបស់ PPCBank៕