ធនាគារ PPCBank មានមោទនភាពក្នុងការប្រកាសអំពីកិច្ចសហការជាយុទ្ធសាស្រ្តរបស់ខ្លួន ជាមួយក្រុមហ៊ុន Codingate Technoloy ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយទៅលើពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មទូទាត់ឌីជីថល សម្រាប់ពាណិជ្ជករ។
PPCBank ចាប់ដៃគូជាមួយ Codingate Technology ផ្តល់ដំណោះស្រាយ ពាណិជ្ជកម្មអេឡិចត្រូនិច និងការទូទាត់ឌីជីថលកាន់តែងាយស្រួល សម្រាប់សហគ្រាសធុនតូច និងមធ្យម
ពិធីចុះហត្ថលេខាជាផ្លូវការ បានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមានលោក Lee Jinkyu នាយកប្រតិបត្តិរងធនាគារ PPCBank និងលោក សុខ សុភមង្គល ស្ថាបនិក និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន Codingate។
ក្រោមភាពជាដៃគូនេះ សហគ្រាសធុនតូច និងមធ្យម (SMEs) និងពាណិជ្ជករដទៃទៀត អាចធ្វើការចុះឈ្មោះយ៉ាងងាយស្រួលជាមួយនឹងបច្ចេកវិទ្យា GateCommerce – Telegram Shop របស់ ក្រុមហ៊ុន Codingate។
លោក Lee Jinkyu នាយកប្រតិបត្តិរងធនាគារ PPCBank មានប្រសាសន៍ថា៖ “ភាពជាដៃគូរបស់យើង ជាមួយក្រុមហ៊ុន Codingate ក្នុងការប្រើប្រាស់កម្មវិធី Telegram Shop បានគូសបញ្ជាក់នូវជំហានមួយ ដ៏សំខាន់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការឆ្ពោះទៅរកវឌ្ឍនភាពនៃការផ្តល់ដំណោះស្រាយទូទាត់ បែបឌីជីថល។ កិច្ចសហការនេះ អនុញ្ញាតឲ្យយើងផ្តល់ជូនអតិថិជននូវមធ្យោបាយមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការជួយសម្រួលដល់ប្រតិបត្តិការទូទាត់របស់អាជីវកម្ម បានកាន់តែលឿន និងងាយស្រួលជាងមុន។ យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាផ្នែកមួយ នៃកម្មវិធីបច្ចេកវិទ្យាទំនើបនេះ ដែលនឹងរួមចំណែកកសាងអនាគតដ៏ប្រសើរសម្រាប់ដំណោះស្រាយ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មទូទាត់ឌីជីថលនៅកម្ពុជា។”
លោក សុខ សុភមង្គល បានពន្យល់ថា៖ “GateCommerce – Telegram Shop គឺជាបច្ចេកវិទ្យាដ៏ទំនើបមួយ សម្រាប់ម្ចាស់អាជីវកម្មដាក់លក់ទំនិញអនឡាញរបស់ខ្លួន។ ការរួមបញ្ចូលកម្មវិធី Telegram ធ្វើឲ្យការទំនាក់ទំនងជាមួយអតិថិជនកាន់តែងាយស្រួល ដោយការបញ្ជាទិញ និងការដាក់បង្ហាញទំនិញ ទាំងអស់នៅក្នុងកម្មវិធីតែមួយ ដែលប្រៀបដូចជាការមានហាងអនឡាញមួយដែលមានមុខងារ ពេញលេញនៅចុងម្រាមដៃរបស់អ្នក។ ទន្ទឹមនឹងនេះ ការប្រាស្រ័យទាក់ទងគ្នាតាមពេលវេលាជាក់ស្តែង ជាមួយអតិថិជន ក៏ជាការបន្ថែមចំណុចពិសេសលេចធ្លោមួយ ដែលនវានុវត្តន៍បច្ចេកវិទ្យាផ្សេងទៀត ពិបាកនឹងយកឈ្នះផងដែរ។”
កម្មវិធីនេះ ផ្តល់ឲ្យម្ចាស់អាជីវកម្មនូវភាពងាយស្រួល ក្នុងការដាក់បង្ហាញទំនិញរាប់រយរាប់ពាន់មុខ តាមប្រភេទផ្សេងៗគ្នានៅលើ Telegram Shop ដូច្នេះអតិថិជនងាយស្រួលជ្រើសរើសប្រភេទទំនិញណា ដែលខ្លួនចង់បាន។ ទន្ទឹមនឹងនេះក៏មានមុខងារសម្រាប់ផ្ញើសារជូនដំណឹងទៅកាន់អតិថិជន ដែលធ្លាប់ជាវទំនិញ អំពីប្រ៉ូម៉ូសិនថ្មីៗ ឬមុខទំនិញថ្មីៗ ដែលទើបនឹងមកដល់ជាដើម។
តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ អតិថិជនអាចប្រើប្រាស់មធ្យោបាយទូទាត់ច្រើនជម្រើសរបស់ក្រុមហ៊ុន Codingate ដោយអាចធ្វើការបង់ប្រាក់យ៉ាងងាយស្រួល និងឆាប់រហ័ស ជាមួយនឹងកម្មវិធី PPCBank Mobile និង KHQR។
លោក Lee Jinkyu បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើម ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ដល់សហគ្រាស និងអាជីវកម្មនានាឲ្យបានកាន់តែប្រសើរ។
លោក មានប្រសាសន៍ថា៖ “កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់ ក្នុងការលើកកម្ពស់ប្រតិបត្តិការ ទូទាត់ ដោយមិនប្រើសាច់ប្រាក់នៅកម្ពុជា។”
លោក បន្តទៀតថា៖ “តាមរយៈការរួមបញ្ចូលបទពិសោធន៍បច្ចេកទេសហិរញ្ញវត្ថុរបស់ធនាគារ ជាមួយនឹងភាពច្នៃប្រឌិតបច្ចេកវិទ្យារបស់ក្រុមហ៊ុន Codingate កិច្ចសហការនេះ បានបញ្ជាក់ឲ្យឃើញ យ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងរបស់យើង ក្នុងការបង្កើនភាពងាយស្រួល និងប្រសិទ្ធភាព ក្នុងប្រព័ន្ធទូទាត់ ដែលអនុញ្ញាតឲ្យអាជីវកម្មគ្រប់ទំហំអាចរីកចម្រើននៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល កាន់តែខ្លាំងឡើង”។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់ការទូទាត់តាមឌីជីថលទៅដល់ សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។ សេវាហិរញ្ញវត្ថុ រួមទាំងប្រព័ន្ធទូទាត់ KHQR របស់ធនាគារ PPCBank នឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការ បានយ៉ាងរលូន ឆាប់រហ័ស និងមានសុវត្ថិភាព ដែលនឹងជួយធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍ របស់អតិថិជន និងធានាបានថាអាជីវកម្មអាចត្រួតពិនិត្យរបាយការណ៍ចំណូលរបស់ពួកគេបានយ៉ាង ងាយស្រួល។
លោក សុខ សុភមង្គល បានបន្ថែមថា៖ “ភាពជាដៃគូរវាងធនាគារ PPCBank និងក្រុមហ៊ុន Codingate នឹងជួយពន្លឿនការប្រើប្រាស់ប្រព័ន្ធទូទាត់នៅកម្ពុជា ក៏ដូចជាជួយនាំប្រទេសកម្ពុជាមួយជំហាន បន្ថែមទៀតទៅកាន់សេដ្ឋកិច្ចឌីជីថល។ ខ្ញុំមានមោទនភាពចំពោះអ្វីដែលយើងសម្រេចបាន ហើយយើងទន្ទឹងរង់ចាំលទ្ធផលដែលយើងនឹងសម្រេចរួមគ្នាបន្តទៀត ដើម្បីជាប្រយោជន៍ដល់ ប្រជាជនកម្ពុជា”៕