Skip to main content

អនុស្សារណៈយោគយល់ថ្មីមួយរវាង PPCBank ក្រុមហ៊ុន Kosign និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ BNKC ធ្វើឲ្យការទូទាត់ប្រាក់កម្ចី របស់អតិថិជនមានភាពងាយស្រួល


ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤៖ ធនាគារ PPCBank រួមជាមួយដៃគូយុទ្ធសាស្រ្តរបស់ខ្លួន គឺក្រុមហ៊ុន Kosign និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ BNKC បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ដើម្បីសម្រួលដល់ការសងប្រាក់កម្ចីរបស់អតិថិជនកាន់តែងាយស្រួល តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ PPCBank ។


ពិធីចុះហត្ថលេខាត្រីភាគីនេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលធនាគារ PPCBank តាមបណ្តោយមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ដោយមានការចូលរួម ចុះហត្ថលេខារវាងលោក Lee Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank លោក Moon Sungjin នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ BNKC និងលោក Seol Wook Hwan នាយកប្រតិបត្តិនៃក្រុមហ៊ុន Kosign ក្រោមសក្ខីភាពរបស់មន្ត្រីជាន់ខ្ពស់នៃស្ថាប័នទាំងបី។

លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank មានជំនឿចិត្តថា គំនិតផ្តួចផ្តើមនេះ នឹងរួមចំណែកធ្វើទំនើបកម្មប្រព័ន្ធទូទាត់ឲ្យកាន់តែប្រសើរ ដើម្បីជំរុញការអភិវឌ្ឍបន្ថែមទៀត នៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ “គោលបំណងនៃកិច្ចសហការនេះ គឺដើម្បីផ្តល់មធ្យោបាយ ងាយស្រួល រហ័ស និងសុវត្ថិភាពដល់អតិថិជន BNKC ក្នុងការទូទាត់សងប្រាក់កម្ចី របស់ខ្លួន។”

លោកបន្តទៀតថា៖ “នៅធនាគារ PPCBank យើងកំពុងព្យាយាមពង្រីកលទ្ធភាពសម្រាប់ អតិថិជន ក្នុងការទទួលបានសេវាហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយថែមទៀត នាពេលអនាគត។ ទន្ទឹមនឹងនេះ យើងក៏នៅតែបន្តពង្រីកខ្លួន និងសមត្ថភាពជាលំដាប់ ដើម្បីបំពេញឲ្យចំតម្រូវការ ទាំងអតិថិជន និងដៃគូរបស់យើង ក៏ដូចជាអតិថិជនរបស់ពួកគេ ផងដែរ”។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផងដែរ លោក Moon Sungjin នាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ BNKC បានសង្កត់ធ្ងន់ថា កិច្ចសហការជាមួយធនាគារ PPCBank និងក្រុមហ៊ុន Kosign បានផ្តល់លទ្ធភាពឲ្យ BNKC ក្នុងការបង្កើនគុណភាពសេវាកម្មរបស់ខ្លួន ដែលនឹងធានាបានថាអតិថិជនមានជម្រើសច្រើន ដើម្បីទូទាត់ប្រាក់កម្ចីរបស់ពួកគេ។ លោកបានលើកឡើងបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះ នឹងឆ្ពោះទៅរកផ្លូវដ៏វែងឆ្ងាយ ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីជួយឲ្យអតិថិជនទទួលបានបទពិសោធន៍ កាន់តែប្រសើរលើសេវាកម្មហិរញ្ញវត្ថុ ជាពិសេសអតិថិជនដែលរស់នៅតំបន់ជនបទ ដាច់ស្រយាល។

យោងតាម MoU រាល់សកម្មភាពហិរញ្ញវត្ថុរបស់ BNKC ទាក់ទងនឹងការទូទាត់សងប្រាក់កម្ចី ពីអតិថិជន នឹងត្រូវបានធ្វើឡើងតាមរយៈធនាគារ PPCBank។ ភាពជាដៃគូនេះ ផ្តោតសំខាន់លើការលើកកម្ពស់ដំណោះស្រាយទូទាត់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល ដែលចំណេញពេលវេលា និងបង្កើនភាពងាយស្រួលមួយកម្រិតទៀតជូនដល់អតិថិជន។

តាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគីខាងលើ រាល់អតិថិជនរបស់ BNKC ទាំងអស់ អាចធ្វើការទូទាត់តាមរយៈ Dynamic KHQR ធនាគារ PPCBank និងសេវាទូទាត់ឌីជីថល ដទៃទៀត តាមកម្មវិធី WeBill365 របស់ក្រុមហ៊ុន Kosign។ លើសពីនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ BNKC ក៏នឹងទទួលបានសារជូនដំណឹងភ្លាមៗផងដែរ រាល់ពេលអតិថិជនទូទាត់រួច៕