Skip to main content

ធនាគារ PPCBank និងមូលនិធិចក្ខុខ្មែរ ចូលរួមលើកកម្ពស់ សុខភាពភ្នែកកុមារ នៅតាមសាលារៀន


ភ្នំពេញ៖ ធនាគារ PPCBank សហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) នាព្រឹកថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះពិនិត្យ វាស់ភ្នែក និងចែកជូនវ៉ែនតាដោយឥតគិតថ្លៃដល់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ប្រមាណជិត ១,៦០០នាក់ ក្រោមគម្រោង “គំហើញថ្មី ឆ្នាំ២០២៣” របស់ធនាគារ PPCBank។


សកម្មភាពពិនិត្យភ្នែកពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមូលនិធិចក្ខុខ្មែរនាពេលនេះ ត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាបារុង សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល និងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ព្រែកតាមាក់ ក្រោមកិច្ចសហការរៀបចំដោយឯកឧត្តម កាន ច័ន្ទមេត្តា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឆ្លងកាត់ការធ្វើតេស្តរួចមករកឃើញកុមារ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើនរូបមានបញ្ហាភ្នែក​ក្នុងនោះក្រុមការងារក៏បានពិនិត្យបន្តទៀត តាមរយៈឧបករណ៍ពិនិត្យភ្នែក និងប្រគល់វ៉ែនតាជូនពួកគាត់ តែម្តង។

លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានថ្លែងឲ្យដឹងថា៖ “យើងពិតជារីករាយដែលបានចូលរួមចំណែកក្នុងការថែទាំ និងលើកកម្ពស់សុខភាពភ្នែកដល់សិស្សានុសិស្សក៏ដូចជា លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមរយៈការពិនិត្យលើបញ្ហាមិនប្រក្រតី និង ជំងឺភ្នែកផ្សេងៗ ព្រមទាំងបានពន្យល់បន្ថែមអំពីវិធីថែទាំសុខភាពភ្នែកឲ្យបានត្រឹមត្រូវផ្តល់ចំណេះដឹង និងការព្យាបាលឲ្យទាន់ពេលវេលា។”

លោកបានបញ្ជាក់បន្ថែមទៀតថា សកម្មភាពចុះពិនិត្យនៅពេលនេះជាការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងការស្វែងរកកន្លែងព្យាបាលភ្នែក និងបានជួយកាត់បន្ថយការចំណាយក្នុងគ្រួសារបានមួយផ្នែកផងដែរ។

ធនាគារ PPCBank តែងតែយកចិត្តទុកដាក់ជានិច្ចលើកម្មវិធីទំនួលខុសត្រូវសង្គមដោយកន្លងមកធនាគារធ្លាប់បានឧបត្ថម្ភនៅក្នុងយុទ្ធនាការពិនិត្យភ្នែក និងព្យាបាលភ្នែក និងការរៀបចំនូវកម្មវិធីសប្បុរសធម៌ដ៏មានប្រយោជន៍ជាច្រើន តាមរយៈការសហការជាមួយដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង។

ធនាគារ PPCBank សូមថ្លែងអំណរគុណផងដែរដល់ក្រុមគ្រូពេទ្យជំនាញនៃមូលនិធិចក្ខុខ្មែរ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារទាំងអស់ដែលបានសហការគ្នា និងលះបង់ពេលវេលាកម្លាំងកាយចិត្តចូលរួមនៅក្នុងគម្រោងមួយនេះ។

គួររំឭកផងដែរថា ធនាគារ PPCBank បានចាប់អនុវត្ត​គម្រោង “គំហើញថ្មី” តាំងពីឆ្នាំ ២០១៩ មកដោយបានសហការជាមួយក្រុមវេជ្ជបណ្ឌិតជំនាញក្នុងការពិនិត្យព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃជូនពលរដ្ឋដែលមានជីវភាពខ្វះខាតសំដៅរួមចំណែកកាត់បន្ថយអត្រាពិការភ្នែកនៅកម្ពុជា៕