ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការលើកកម្ពស់សារៈប្រយោជន៍នៃការសន្សំប្រាក់ និងលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់រូប ឲ្យមានការកសាងអនាគតហិរញ្ញវត្ថុកាន់តែរឹងមាំ ធនាគារ PPCBank មានមោទនភាពដែលបានចូលរួមឧបត្ថម្ភក្នុងនាមជា Gold Sponsor នៃព្រឹត្តិការណ៍ ទិវាសន្សំអាស៊ាន ឆ្នាំ២០២៤ នាថ្ងៃទី៣១ ខែតុលា នៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “សារៈសំខាន់នៃការសន្សំប្រាក់ តាំងពីវ័យកុមារ”។
ធនាគារ PPCBank ចូលរួមអបអរសាទរ “ទិវាសន្សំអាស៊ានឆ្នាំ២០២៤”
ទិវាសន្សំអាស៊ាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង ជាសាធារណៈចំពោះសារៈសំខាន់នៃការសន្សំប្រាក់ ដែលស្របទៅនឹងការខិតខំរបស់បណ្តាប្រទេស អាស៊ានទាំងអស់ ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់។
ក្នុងនាមជា Gold Sponsor សម្រាប់ព្រឹត្តិការណ៍នេះ ធនាគារ PPCBank ក៏មានរៀបចំស្តង់ សម្រាប់អ្នកចូលរួមអាចសាកសួរព័ត៌មានអំពីសេវាធនាគារ ព្រមទាំងការបើកគណនីសន្សំ តាម PPCBank Mobile App ដើម្បីទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនផងដែរ។
គួរបញ្ជាក់ថា PPCBank ដែលជាធនាគារពាណិជ្ជឈានមុខមួយក្នុងប្រទេសកម្ពុជា បានចូលរួមជាយូរ មកហើយ ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលវប្បធម៌សន្សំប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តួយ៉ាង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ធនាគារបានបង្កើតកម្មវិធីប្រ៉ូម៉ូសិនពិសេសៗមួយចំនួន សម្រាប់គណនីសន្សំមានកាលកំណត់ ដោយអតិថិជនអាចជ្រើសរើសសន្សំបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ។ ក្នុងនោះផងដែរ ធនាគារក៏ទើបតែបានសម្ពោធគណនីសន្សំថ្មីមួយប្រភេទទៀត គឺ “គណនីសន្សំកុមារ” ដែលបង្កើតឡើងជាពិសេសសម្រាប់លើកទឹកចិត្តកុមារ ឲ្យមានទម្លាប់សន្សំ និងគ្រប់គ្រងហិរញ្ញវត្ថុបែបឌីជីថល ក្រោមការជួយជ្រោមជ្រែងពីឳពុកម្តាយរបស់ពួកគេ។
ដោយសារអត្រាការប្រាក់របស់ធនាគារ PPCBank មានភាពប្រកួតប្រជែង គណនីបញ្ញើសន្សំ និងគណនីសន្សំមានកាលកំណត់របស់ធនាគារ ត្រូវបានរចនាឡើងស្របតាមតម្រូវការរបស់អតិថិជន ទាំងការសន្សំរយៈពេលខ្លី និងរយៈពេលវែង។ អតិថិជនអាចជ្រើសរើសវិធីសន្សំ ដើម្បីទិញគេហដ្ឋាន ឬរថយន្តក្នុងក្តីស្រមៃ ជាមួយនឹងផលិតផលឥណទានពិសេស PPCBank ដែលផ្តល់ជូននូវអត្រាការប្រាក់ ទាប និងលក្ខខណ្ឌទូទាត់សងល្អបំផុត។
ធនាគារ PPCBank ជឿជាក់ថា ការអប់រំផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះកសាងអនាគតដ៏រុងរឿង សម្រាប់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការចូលរួមគាំទ្រទិវាសន្សំអាស៊ាន ឆ្នាំ២០២៤នេះ គឺធនាគារមានគោលបំណងបណ្តុះផ្នត់គំនិតយុវជនជំនាន់ក្រោយ ឲ្យបង្កើតទម្លាប់សន្សំ សម្រាប់ជាទុនបម្រុង និងការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពទៅថ្ងៃអនាគត៕