Skip to main content

PPCBank ដាក់ដំណើរការប័ណ្ណ CSS ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចដកប្រាក់ពីម៉ាស៊ីន ATM ឬទូទាត់ប្រាក់នៅលើម៉ាស៊ីន (POS) របស់ ធនាគារផ្សេងបានយ៉ាងងាយស្រួល

កាលបរិច្ឆេទ: May 17, 2024

ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤៖ PPCBank ដែលជាធនាគារឈានមុខគេក្នុងប្រទេស កម្ពុជា បានដាក់ដំណើរការប័ណ្ណឥណពន្ធ CSS ថ្មីមួយរបស់ខ្លួន ដើម្បីបង្កភាពងាយស្រួល ដល់អតិថិជន ក្នុងការដកប្រាក់នៅគ្រប់ម៉ាស៊ីន ATM និងទូទាត់ប្រាក់លើម៉ាស៊ីន (POS) របស់គ្រឹះស្ថានជាសមាជិកនៃប្រព័ន្ធ CSS។ ខេមបូឌានស៊ែស្វីច ហៅកាត់ថា CSS គឺជា សេវាអន្តរធនាគារ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។ កាន់តែ ពិសេស អតិថិជនដែលប្រើប្រាស់ប័ណ្ណនេះ អាចធ្វើប្រតិបត្តិការនៅតាមបណ្តាម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាតរបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក CSS ជាមួយតម្លៃសេវាទាបបំផុតទូទាំងប្រទេស។


ប័ណ្ណ CSS របស់ធនាគារ PPCBank ផ្តល់ជូនអត្ថប្រយោជន៍ និងភាពងាយស្រួលយ៉ាងច្រើន ដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការជាប្រាក់រៀល និងប្រាក់ដុល្លារ ដោយអនុញ្ញាតឲ្យ អតិថិជនអាចទូទាត់ថ្លៃទំនិញ និងសេវាផ្សេងៗ ឬធ្វើការដកប្រាក់ ផ្ទេរប្រាក់ ពិនិត្យសមតុល្យ និងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបជាដើម តាមរយៈម៉ាស៊ីនឆូតកាត និង ម៉ាស៊ីន ATM ដែលមានស្លាកសញ្ញា CSS។

លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ “ការដាក់ឲ្យប្រើប្រាស់ប័ណ្ណ CSS នេះ សបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ ធនាគារ PPCBank ក្នុងការផ្ដល់មធ្យោបាយងាយស្រួល ក៏ដូចជាជម្រើសកាន់តែ ទូលំទូលាយសម្រាប់អតិថិជន។”

លោកបានបន្តទៀតថា “ប័ណ្ណ PPCBank CSS របស់យើង នឹងផ្ដល់លទ្ធភាពដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងធនាគារកាន់តែរហ័សជាងមុន តាមរយៈម៉ាស៊ីនឆូតកាត និងម៉ាស៊ីន ATM របស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិកចូលរួម ទាំងអស់នៅទូទាំងប្រទេស។ យើងបានធ្វើឲ្យប្រាកដថា ប័ណ្ណ CSS របស់យើង ត្រូវបាន រចនាឡើងជាមួយនឹងរូបរាងស្រស់ស្អាត ងាយស្រួលចំណាំ និងងាយស្រួលប្រើប្រាស់។ អតិថិជនអាចស្នើសុំប័ណ្ណនេះបានភ្លាមៗ នៅតាមសាខាធនាគារដែលនៅជិតបំផុត”។

នៅពេលម្ចាស់ប័ណ្ណ PPCBank CSS ធ្វើប្រតិបត្តិការតាមម៉ាស៊ីន ATM ឬម៉ាស៊ីនឆូតកាត ចំនួនទឹកប្រាក់នឹងត្រូវបានកាត់ចេញដោយផ្ទាល់ពីគណនីសន្សំ ឬគណនីចរន្ត ដែលមាន ជាមួយធនាគារ PPCBank។ ប័ណ្ណ CSS មានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងប័ណ្ណឥណពន្ធ ផ្សេងៗផងដែរ ដោយមានភ្ជាប់ជាមួយនូវឈ្មោះនៅលើប័ណ្ណ លេខប័ណ្ណ កាលបរិច្ឆេទផុត កំណត់ និងលេខកូដសុវត្ថិភាព។ អតិថិជនអាចដកប្រាក់ ឬប្រតិបត្តិការផ្សេងៗនៅលើ ម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាត PPCBank ដោយឥតគិតថ្លៃសេវា ហើយសម្រាប់ការ ប្រើប្រាស់ជាមួយម៉ាស៊ីន ATM ឬម៉ាស៊ីនឆូតកាតរបស់គ្រឹះស្ថានផ្សេងវិញ គឺមានតម្លៃសេវា ទាបបំផុត។ ជាងនេះទៅទៀត នៅពេលដែលប័ណ្ណនេះផុតសុពលភាព ធនាគារនឹងចេញ ប័ណ្ណថ្មីជូនដោយឥតគិតថ្លៃផងដែរ។

ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ធនាគារ PPCBank បានបង្កើត នូវប័ណ្ណ CSS ដែលមានរហូតដល់ទៅ ៣ ពណ៌សម្រាប់អតិថិជនជ្រើសរើស។ ប័ណ្ណថ្មីនេះ មានទំហំប្រតិបត្តិការទិញទំនិញប្រចាំថ្ងៃរហូតដល់ ១០,០០០ ដុល្លារ និងទំហំប្រតិបត្តិការ ដកប្រាក់ និងផ្ទេរប្រាក់រហូតដល់ ៣,០០០ ដុល្លារ។

សម្រាប់ព័ត៌មានបន្ថែម ឬដាក់ពាក្យស្នើសុំប័ណ្ណ CSS សូមអញ្ជើញទៅកាន់សាខាធនាគារ PPCBank ណាមួយ ដែលនៅជិតលោកអ្នក។