Skip to main content

ធនាគារ PPCBank ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ PPIU ដើម្បីផ្តល់ការអភិវឌ្ឍន៍វិជ្ជាជីវៈ ក្នុងវិស័យធនាគារដល់និស្សិត

កាលបរិច្ឆេទ: December 13, 2022

ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២​៖ ធនាគារ PPCBank និងសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងផ្សារភ្ជាប់ រវាងកម្មវិធីបណ្តុះបណ្តាល ជាមួយនឹងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព តាមរយៈការផ្តល់ឱកាសហាត់ការដល់សិស្ស និស្សិត នៅក្នុងស្ថាប័ន ធនាគារ។

ពិធីចុះហត្ថលេខារវាងភាគីទាំងពីរ នឹងផ្ដល់​លទ្ធភាពដល់និស្សិត និងអតីតនិស្សិតនៃ សាកលវិទ្យាល័យ PPIU ទទួលបានបទពិសោធន៍អនុវត្តការងារជាក់ស្តែងនៅធនាគារ PPCBank ក៏ដូចជាសហការជាដៃគូលើការរៀបចំព្រឹត្តិការណ៍របស់សាលា ការតាំង ពិព័រណ៍ការងារ សិក្ខាសាលា ការបង្ហាញពីធនាគារឌីជីថល និងវគ្គចែករំលែកចំណេះដឹង ផ្សេងៗ។ កិច្ចសហការជិតស្និទ្ធនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតឱកាសបន្ថែមទៀត សម្រាប់យុវជនជំនាន់ក្រោយ ដែលមានបំណងចាប់យកអាជីពការងារ នៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ។​

លោក Lee Jinkyu​ នាយកជាន់ខ្ពស់នៃធនាគារ PPCBank​ បានលើកឡើងថា៖ “ភាពជា ដៃគូរបស់យើងជាមួយ PPIU នឹងនាំមកនូវអត្ថប្រយោជន៍ដ៏សំខាន់ ក្នុងការពង្រឹងចំណេះ ជំនាញនិស្សិត និងបង្កើនសមត្ថភាពរបស់ពួកគេ ដោយផ្តល់ឱកាសឲ្យពួកគេចូលរួម និង ក្លាយជាផ្នែកមួយនៃការរីកចម្រើនរបស់យើងទៅតាមមុខជំនាញ ដែលពួកគេជ្រើសរើស។ យើងជឿជាក់ថា កិច្ចសហការនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់និស្សិត ក្រោមការ សហការរៀបចំកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលា បន្ថែមពីលើកម្មវិធីហាត់ការរបស់ យើង ដើម្បីជួយឲ្យពួកគេសម្រេចបាននូវសក្តានុពលរបស់ខ្លួន ទាំងក្នុងអំឡុងពេលសិក្សា និងក្រោយពេលបញ្ចប់ការសិក្សា។”

ជាមួយគ្នានេះ លោកស្រី ទេព កុលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ PPIU ក៏ បានលើកឡើងផងដែរថា៖ “អនុស្សារណៈយោគយល់នេះ បានផ្តល់ឱកាសឲ្យស្ថាប័ន ទាំងពីរចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងផ្តល់ឱកាសកម្មសិក្សា និងជំនាញ បច្ចេកទេសដល់និស្សិត តាមរយៈសិក្ខាសាលា និងកម្មវិធីផ្សេងៗ ដើម្បីអាចជួយបំពេញ តម្រូវការធនធានមនុស្សប្រកបដោយវិជ្ជាជីវៈសម្រាប់វិស័យធនាគារនៅកម្ពុជា។”

ធនាគារ PPCBank ជឿជាក់ថា ភាពជាដៃគូថ្មីនេះ មិនត្រឹមតែបានរួមចំណែកដល់ការ ពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយ PPIU សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុង វិស័យអប់រំ ការបណ្តុះបណ្តាលសាជីវកម្ម ការអភិវឌ្ឍន៍វិជ្ជាជីវៈក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញដល់ការចូលរួមរបស់និស្សិតក្នុងកម្មវិធីនានា ដែលរៀបចំដោយធនាគារ PPCBank និងសាកលវិទ្យាល័យ PPIU សំដៅអភិវឌ្ឍជំនាញ និងចំណេះដឹងនៃឧស្សាហកម្មមួយដែលមានការអភិវឌ្ឍលឿនបំផុតក្នុងប្រទេសកម្ពុជា។