Skip to main content

គម្រប់ខួប១៦ឆ្នាំ PPCBank នាំយកអំណោយសម្ភារសិក្សា ចែកជូនដល់សិស្សានុសិស្សក្នុងខេត្តសៀមរាប


សៀមរាប៖ ដើម្បីចែករំលែកក្តីស្រឡាញ់ និងជួយលើកទឹកចិត្តដល់កុមារដែលកំពុងខ្វះខាតក្នុងការសិក្សា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ធនាគារ PPCBank សហការជាមួយ វិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី បាននាំយកអំណោយសម្ភារសិក្សា ទៅចែកជូនដល់ សិស្សានុសិស្សចំនួន២៤១នាក់ នៅសាលាបឋមសិក្សាគីរីមានន្ទ ខេត្តសៀមរាប នៅក្នុងឱកាសគម្រប់ខួប ១៦ឆ្នាំរបស់ខ្លួននៅកម្ពុជា។


អំណោយដែលត្រូវចែកជូនដល់សិស្សានុសិស្ស នាឱកាសនោះ គឺក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ខ្មៅដៃ២ដើម បន្ទាត់១ ជ័រលុប១ កាបូបដាក់ប៊ិក១ ដែកខួង១ ក្តារឆ្នួន១ គូល័រ១ប្រអប់ សាមី១សន្លឹក និងផ្លិត១។

លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank បានលើកឡើងថា៖ “ការទទួលបានការអប់រំពេញលេញ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់សង្គមជាតិទាំងមូល ដូច្នេះហើយ ធនាគារ PPCBank ក៏បានដើរតួនាទីសំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយ ជំរុញ និងគាំទ្រ ដល់វិស័យអប់រំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ប្រទេសកម្ពុជា តទៅថ្ងៃអនាគត”។

បុគ្គលិករបស់ធនាគារ PPCBank សំដែងនូវក្តីសប្បាយរីករាយ ដែលបានមកជួបផ្ទាល់ ជាមួយសិស្សានុសិស្សទាំងអស់នៅក្នុងសាលាបឋមសិក្សានេះ ហើយបាននាំយកនូវសម្ភារសិក្សា មកចែកជូនដោយផ្ទាល់ដៃ រួមគ្នាជាមួយសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗកុមារ ឲ្យបន្តប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីមានអនាគតល្អ និងក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលធនាគារ PPCBank ចូលរួមក្នុងសកម្មភាពសង្គម ដោយកន្លងមកធនាគារ ក៏បានផ្តល់អំណោយសប្បុរសធម៌ដល់កុមារកំព្រាក្នុងរាជធានីភ្នំពេញ បរិច្ចាគទៅឲ្យកម្មវិធីសប្បុរសធម៌នានា និងចូលរួមក្នុងកម្មវិធីចុះពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ដោយស្ម័គ្រចិត្ត៕