PPCBank ជាធនាគារដំបូងគេនៅកម្ពុជា ដែលពង្រីកសេវាផ្ទេរប្រាក់ តាមប្រព័ន្ធបាគងជាអន្តរជាតិ
ភ្នំពេញ៖ ធនាគារ Jeonbuk ដែលជាធនាគារដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង បានសហការជាមួយ ធនាគារ PPCBank ក្នុងការដាក់ឲ្យប្រើប្រាស់សេវាផ្ទេរប្រាក់ពីប្រទេសកូរ៉េមកកម្ពុជាតាមប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា ដើម្បីជួយសម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ អាចផ្ញើ ប្រាក់មកស្រុកខ្មែរបានភ្លាមៗ។
ធនាគារ PPCBank បានក្លាយជាធនាគារដំបូងគេនៅកម្ពុជា ដែលជួយប្រព័ន្ធបាគងក្នុងការធ្វើប្រតិបត្តិការ ផ្ទេរប្រាក់ពីប្រទេសកូរ៉េមកកម្ពុជា ជាមួយនឹងការដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាផ្ទេរប្រាក់ឆ្លង ប្រទេស ‘Jeonbuk Bank Direct Transfer’។ សេវាផ្ទេរប្រាក់ថ្មីនេះ នឹងផ្តល់លទ្ធភាពដល់ពលរដ្ឋខ្មែរដែល រស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បួង ក៏ដូចជាជនជាតិកូរ៉េផ្ទាល់ អាចផ្ទេរប្រាក់មកកម្ពុជាតាមរយៈ ធនាគារ Jeonbuk មក PPCBank ឬធនាគារណាមួយដែលជាសមាជិករបស់បាគង។
ធនាគារ PPCBank អាចសម្រេចសមិទ្ធផលថ្មីនេះបាន ក៏ដោយសារភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន JB Financial Group ដែលជាម្ចាស់ភាគហ៊ុនធំរបស់ធនាគារ PPCBank។ នៅក្នុងភាពជាដៃគូនេះ ត្រូវបាន មើលឃើញថា ជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងវិស័យហិរញ្ញវត្ថុ កម្ពុជា និងកូរ៉េខាងត្បូង ដោយធនាគារ PPCBank ក៏នឹងត្រៀមខ្លួនផងដែរ ក្នុងការដាក់ឲ្យដំណើរការសេវា ផ្ទេរប្រាក់ដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលអនាគតដ៏ខ្លី។
លោក Baek Jongil នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ “យើងដឹងថាការផ្ញើ ប្រាក់មកស្រុកកំណើត ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនខ្មែរ ដែលកំពុងរស់នៅប្រទេស កូរ៉េខាងត្បូង។ យើងតែងតែប្រឹងប្រែងជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យការផ្ញើប្រាក់របស់ពួកគាត់កាន់តែមាន ភាពងាយស្រួល និងប្រសិទ្ធភាពជាងមុន។ យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានសហការជាមួយធនាគារ Jeonbuk និងប្រព័ន្ធបាគង ដើម្បីបង្កើតឲ្យមានសេវានេះឡើង”។
លោកក៏បានបន្ថែមទៀតថា “នៅពេលខាងមុខ PPCBank ក៏នឹងមានបំណងផ្តល់នូវសេវាផ្ទេរប្រាក់ពី ប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េផងដែរ។”
បេសកកម្មរបស់ធនាគារ PPCBank គឺដើម្បីជួយឲ្យការធ្វើប្រតិបត្តិការធនាគារកាន់តែមានភាពងាយស្រួល សម្រាប់អតិថិជន ហើយសេវាផ្ទេរប្រាក់ថ្មីនេះ នឹងផ្ដល់ភាពងាយស្រួលថែមមួយកម្រិតទៀតសម្រាប់ ប្រជាជនកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង អាចផ្ញើប្រាក់ត្រឡប់មកផ្ទះវិញដោយមិនចាំ យូរ។ សេវាផ្ទេរប្រាក់ថ្មីនេះ មិនត្រឹមតែពង្រីកបណ្តាញអ្នកទទួលផលពីប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ដល់នូវមធ្យោបាយដ៏មានសុវត្ថិភាព និងឆាប់រហ័សសម្រាប់ពលរដ្ឋកម្ពុជាក្នុងការផ្ញើប្រាក់ មកក្រុមគ្រួសារ ដោយមិនចាំបាច់ត្រូវបង់ប្រាក់កម្រៃជើងសារច្រើនដល់ឈ្មួញកណ្ដាលទៀតឡើយ។
សម្រាប់ការផ្ទេរប្រាក់ពីកូរ៉េមកកម្ពុជានេះ ចំណាយថ្លៃសេវាត្រឹមតែ $3 ប៉ុណ្ណោះ និងអាចផ្ទេរប្រាក់រហូត ដល់ $10,000 ពីធនាគារ Jeonbuk មក PPCBank ឬធនាគារណាមួយ ដែលជាសមាជិករបស់បាគងបាន យ៉ាងងាយស្រួល និងមានសុវត្ថិភាព។
តាមរយៈការធ្វើឲ្យប្រសើរឡើងនូវសេវាធនាគារឌីជីថលរបស់ខ្លួននាពេលថ្មីៗនេះ PPCBank នៅតែបន្ត ការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យជីវិតកាន់តែមានភាពងាយស្រួល និងទាន់សម័យសម្រាប់អតិថិជនខ្លួន។ ដំណោះស្រាយនៃការផ្ទេរប្រាក់ពីកូរ៉េមកកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយស្របតាមការវិវឌ្ឍន៍ចុង ក្រោយនៃប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជា ជាពិសេសសេវាទូទាត់តាមប្រព័ន្ធ KHQR។ PPCBank ជឿ ជាក់ថាឌីជីថលភាវូបនីយកម្ម គឺជាអនាគតរបស់ធនាគារ ហើយ PPCBank ក៏នឹងនៅតែបន្តនាំយក ដំណោះស្រាយថ្មីៗនៃការទូទាត់ និងផ្ទេរប្រាក់ ដើម្បីអាចទាញយកអត្ថប្រយោជន៍ពីវឌ្ឍនភាពបច្ចេកវិទ្យា ក៏ដូចជាដើម្បីជាប្រយោជន៍ដល់អតិថិជន និងប្រទេសកម្ពុជាផងដែរ។