Skip to main content

PPCBank និង Kosign ចុះ MOU ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ដើម្បីសម្រួលដល់ការទូទាត់ប្រាក់ កាន់តែងាយស្រួលជូនអតិថិជន

កាលបរិច្ឆេទ: August 9, 2024

ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤៖ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា រួមជាមួយដៃគូយុទ្ធសាស្រ្តរបស់ខ្លួន គឺក្រុមហ៊ុន Kosign បានចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ដើម្បីសម្រួលដល់ការទូទាត់ប្រាក់ឲ្យកាន់តែមានភាពងាយស្រួលជូនអតិថិជន តាមរយៈប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ PPCBank។


អនុស្សារណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank លោក Park Cheon Gil នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន និងលោក Seol Wook Hwan នាយកប្រតិបត្តិនៃក្រុមហ៊ុន Kosign ក្រោមសក្ខីភាពរបស់តំណាងនៃស្ថាប័នទាំងបី។

លោក LEE Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានឲ្យដឹងថា ពិធីចុះ MOU នេះ បានរួមចំណែកក្នុងការបន្តអភិវឌ្ឍប្រព័ន្ធឌីជីថលអេកូឡូស៊ី ក៏ដូចជាការពង្រឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្រ្ត ច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។

លោកមានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការជាមួយជោគជ័យ ហ្វាយនែន គឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ដំណោះស្រាយការទូទាត់ប្រកបដោយភាពច្នៃប្រឌិត សម្រាប់គ្រឹះស្ថាន ជោគជ័យ ហ្វាយនែនផ្ទាល់ រួមទាំងអតិថិជនជាច្រើនរបស់ខ្លួនផងដែរ។”

លោកបានបន្ថែមទៀតថា៖ “តាមរយៈកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ជោគជ័យ ហ្វាយនែន នឹងទទួលបាននូវជម្រើសនៃការទូទាត់កាន់តែសម្បូរបែប រួមមាន ការទូទាត់ តាមរយៈ Dynamic KHQR ធនាគារ PPCBank និងសេវាទូទាត់ឌីជីថលដទៃទៀត តាមកម្មវិធី WeBill365។”

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន បានសង្កត់ធ្ងន់ថា ការចាប់ដៃគូជាមួយធនាគារ PPCBank និងក្រុមហ៊ុន Kosign ផ្តល់លទ្ធភាពឲ្យស្ថាប័ន អាចបង្កើនគុណភាពសេវាកម្មរបស់ខ្លួន ដែលនឹងធានាបានថា អតិថិជនទាំងអស់មានមធ្យោបាយងាយស្រួលជាច្រើន ក្នុងការទូទាត់វិក្កយបត្ររបស់ពួកគេ។ ក្នុងនោះផងដែរ កិច្ចសហការដ៏មានសារៈសំខាន់នេះ នឹងជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដើម្បីធ្វើឲ្យបទពិសោធន៍របស់អតិថិជន កាន់តែប្រសើរឡើងផងដែរ។

ការបង្កើតភាពជាដៃគូថ្មីៗ រវាងធនាគារ PPCBank និងក្រុមហ៊ុន Kosign បានបង្ហាញឲ្យឃើញ ពីការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់ធនាគារ ក្នុងការធ្វើឲ្យសេវាធនាគារមានភាពងាយស្រួលជាងមុន ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់អាជីវកម្ម និងការរស់នៅ ឲ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា៕