Skip to main content

ធនាគារ PPCBank និងមជ្ឈមណ្ឌលកូរ៉េ HRD បានព្រមព្រៀងចុះហត្ថលេខា ភាពជាដៃគូ ផ្តល់ការអភិវឌ្ឍន៍ជំនាញ IT និងឱកាសការងារសម្រាប់និស្សិត

កាលបរិច្ឆេទ: November 1, 2022

ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២៖ ធនាគារ PPCBank និងមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) នៅថ្ងៃនេះ បានប្រកាសជាផ្លូវការភាពជាដៃគូ ដើម្បីសហការលើផ្នែកអភិវឌ្ឍន៍ ជំនាញព័ត៌មានវិទ្យា និងផ្តល់ឱកាសការងារសម្រាប់និស្សិត។

កិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ក៏រួមបញ្ចូលនូវការរៀបចំព្រឹត្តិការណ៍នានារបស់សាលា ការតាំងពិព័រណ៍ ការងារ និងវគ្គចែករំលែកចំណេះដឹងផ្សេងៗផងដែរ។


ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះ កើតចេញពីការមើលឃើញនូវភាពចាំបាច់ក្នុងការបង្កើនចំនួនអ្នក ជំនាញព័ត៌មានវិទ្យានៅកម្ពុជា និងជាគំនិតផ្តូចផ្តើមថ្មីមួយទៀតដែលស្របទៅនឹងកម្មវិធីទំនួលខុសត្រូវ សង្គមរបស់ PPCBank ក្នុងការបង្កើតឱកាសការងារឲ្យបានច្រើនតាមដែលអាចធ្វើទៅបានសម្រាប់ យុវជន។

ថ្លែងក្នុងពិធីចុះហត្ថលេខាដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយនេះ លោក Lee Jinkyu​ នាយក ជាន់ខ្ពស់នៃធនាគារ PPCBank បានឲ្យដឹងថា៖ “អ្វីដែលធនាគារ PPCBank ចង់ធ្វើនិងចង់ឃើញ គឺការ ចូលរួមជួយសង្គមតាមរយៈការផ្តល់អាហារូបករណ៍ ការចុះកម្មសិក្សា និងការផ្តល់ការងារជាដើម។ល។”។

លោកបានបន្តទៀតថា៖ “យើងនឹងស្វាគមន៍ការចូលរួមអភិវឌ្ឍជំនាញរបស់និស្សិតនៃមជ្ឈមណ្ឌលកូរ៉េ HRD ក៏ដូចជាផ្តល់ឱកាសសម្រាប់សិស្សនិស្សិតនៅកម្ពុជា ក្នុងការសម្រេចបាននូវអាជីពដែលពួកគេ តែងតែស្រមៃចង់បាន ជាពិសេសផ្នែកព័ត៌មានវិទ្យានេះតែម្តង។”

លោក ចិន ភីរម្យ នាយករងនៃមជ្ឈមណ្ឌលកូរ៉េ HRD បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះពិធីចុះ ហត្ថលេខានេះ ព្រមទាំងបានគូសបញ្ជាក់ថា៖ “ការចាប់ដៃគូរវាងមជ្ឈមណ្ឌលកូរ៉េ HRD និងធនាគារ PPCBank នឹង​អាចបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក តាមរយៈការកសាងធនធានមនុស្សជំនាញ ព័ត៌មានវិទ្យាដែលមានសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។”

គួរបញ្ជាក់ផងដែរថា ក្រោមកិច្ចព្រមព្រៀងជាដៃគូនេះ PPCBank នឹងផ្តល់ឱកាសប្រកបដោយផ្លែផ្កាមួយ សម្រាប់និស្សិត HRD ទទួលបានការងារល្អ និងការពង្រឹង និងពង្រីកអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួន ជាមួយធនធានដ៏មានទេពកោសល្យ និងស្វាហាប់របស់ធនាគារយើង។