Skip to main content

PPCBank ចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផ្តល់ឱកាសកម្មសិក្សា និងឱកាសការងារដល់និស្សិត


ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ធនាគារ PPCBank បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារយៈពេល៣ឆ្នាំ ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីផ្តល់ជូនសិស្សនិស្សិតនូវឱកាសកម្មសិក្សា និងឱកាសការងារដ៏ល្អ នៅក្នុងស្ថាប័នធនាគារ។ ក្រៅពីទទួលបានឱកាសចុះកម្មសិក្សា និសិ្សតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានចំណាប់អារម្មណ៍ចង់បម្រើការងារនៅធនាគារ PPCBank ក៏ទទួលបានឱកាស អនុវត្តការងារជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាចំណេះដឹងស្របតាមជំនាញ របស់ពួកគេផងដែរ។


អនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក Lee Jinkyu នាយករងប្រតិបត្តិនៃធនាគារ PPCBank និងឯកឧត្តម លី ណាវុឌ្ឍ ដែលជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

លោក Lee Jinkyu បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះភាពជាដៃគូថ្មីនេះ ដោយលោកបានមានប្រសាសន៍ថា “កិច្ចសហការជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានផ្តល់ឱកាសដ៏ពិសេសមួយសម្រាប់យើង ក្នុងការផ្ទេរចំណេះដឹង ជំនាញ និងវិជ្ជាជីវៈ ដែលមានទីផ្សារការងារខ្ពស់ ដល់អ្នកបន្តវេនជំនាន់ក្រោយ។ កិច្ចសហការនេះ ថែមទាំងជួយឲ្យនិស្សិតមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ដំណើរឆ្ពោះទៅកាន់ជីវិតការងារ បន្ទាប់ពីបញ្ចប់ការសិក្សារបស់ខ្លួន។”

លោកបន្តទៀតថា៖ “យើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែង ក៏ដូចជាជំរុញភាពជាដៃគូឲ្យកាន់តែស៊ីជម្រៅខ្លាំងក្លាថែមទៀត”។

ក្រោមកិច្ចសហការនេះ ធនាគារ PPCBank និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងធ្វើការងាររួមគ្នាលើការរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលជំនាញមួយចំនួន សម្រាប់ទាំងនិស្សិត និងបុគ្គលិកធនាគារ បន្ថែមពីលើវគ្គបណ្តុះបណ្តាលជំនាញឯកទេស និងគំនិតផ្តួចផ្តើមនានា។ បុគ្គលិករបស់ធនាគារ PPCBank រួមទាំងសាច់ញាតិរបស់ខ្លួន នឹងទទួលបានការបញ្ចុះតម្លៃពិសេស ៣០% លើតម្លៃសិក្សា នៅឯសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ។ ជាងនេះទៅទៀត គណៈគ្រប់គ្រង និងបុគ្គលិកនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងទទួលបានអត្ថប្រយោជន៍ពិសេសសម្រាប់ការធ្វើប្រតិបត្តិការផ្សេងៗជាមួយធនាគារ PPCBank រួមមានដូចជាសេវាផ្ទេរប្រាក់ក្នុងស្រុក សេវាធនាគារតាមប្រព័ន្ធអ៊ីនធឹណិត “smartBiz” សេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេស សេវាបើកប្រាក់បៀវត្ស និងគណនីសន្សំ។

ធនាគារ PPCBank ជឿជាក់ថា កិច្ចសហការនេះនឹងធ្វើឲ្យធនាគារក្លាយជាកន្លែងមួយ សម្រាប់បណ្តុះបណ្តាលសិស្សនិស្សិតក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់ការកសាងធនធានមនុស្ស និងដើម្បីធានាបាននូវការអភិវឌ្ឍជាបន្តបន្ទាប់នៃវិស័យហិរញ្ញវត្ថុទាំងមូលផងដែរ៕