Skip to main content

PPCBankផ្តល់លទ្ធភាពដល់ភ្ញៀវទេសចរដែលប្រើប្រាស់ Alipay/Alipay+និងUnionPay Internationalអាចទូទាត់តាម KHQR នៅកម្ពុជា

កាលបរិច្ឆេទ: October 24, 2024

ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ៖ PPCBank ជាធនាគារពាណិជ្ជ និងសេវាកម្មឈានមុខគេមួយ នៅកម្ពុជា បានផ្តល់លទ្ធភាពងាយស្រួលដល់ភ្ញៀវទេសចរដែលប្រើប្រាស់ Alipay ឬកាបូបអេឡិចត្រូនិច ទូទាត់អន្តរជាតិជាង១០ ដែលជាដៃគូរបស់ Alipay+នៃក្រុមហ៊ុន Ant International និងUnionPay International ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China UnionPay អាចធ្វើការស្កេនទូទាត់ប្រាក់ជាមួយ KHQR នៅក្នុងប្រទេសកម្ពុជា។


នេះមានន័យថា ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជា អាចទូទាត់ជាប្រាក់រៀលបានភ្លាមៗតាមរយៈការស្កេន KHQR នៅតាមហាងលក់ទំនិញរបស់ពាណិជ្ជករ PPCBank។ ប្រព័ន្ធទូទាត់ថ្មីនេះ នឹងផ្តល់ជូនបទពិសោធន៍នៃការទូទាត់កាន់តែរហ័ស ងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់ភ្ញៀវទេសចរមកពីបណ្តាប្រទេសមួយចំនួន។

បច្ចុប្បន្នយើងអាចទទួលការទូទាត់បានពីប្រទេសមួយចំនួនដូចជា៖ ចិន ហុងកុង ហ្វីលីពីន កូរ៉េខាងជើង ម៉ាឡេស៊ី ម៉ាកាវ សិង្ហបុរី អ៊ីតាលី និងម៉ុងហ្គោលី ហើយសម្រាប់ប្រទេសថៃ ឥណ្ឌូនេស៊ី ស៊ុយអែត នឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ជុំវិញការទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពប្រព័ន្ធទូទាត់នេះ លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានបង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញកំណើនសេដ្ឋកិច្ច យ៉ាងពិតប្រាកដសម្រាប់កម្ពុជា ដោយលោកបានមានប្រសាសន៍ថា៖

“ជាមួយនឹងគំនិតផ្តួចផ្តើមនេះ ខ្ញុំកំពុងមើលឃើញផ្លូវពាណិជ្ជកម្មថ្មីមួយ ដែលលេចរូបរាងឡើង តាមរយៈអន្តរប្រតិបត្តិការទូទាត់ឆ្លងដែន តាមប្រព័ន្ធQRcode។ អាជីវកម្មនៅក្នុងប្រព័ន្ធអេកូ QR របស់ PPCBank អាចទទួលយកការទូទាត់ភ្លាមៗ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ពីភ្ញៀវទេសចរជាច្រើនប្រទេស។ ទាំងអស់នេះ នឹងរួមចំណែកយ៉ាងច្រើនក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដាក់បញ្ចូលហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា”។

ពាណិជ្ជករ PPCBank នឹងទទួលបានអត្ថប្រយោជន៍ក្នុងការចាប់យកឱកាសថ្មីៗពីការធ្វើទំនើបកម្ម ការទូទាត់ឆ្លងដែននេះ។ ទន្ទឹមនឹងនេះ ប្រតិបត្តិការទូទាត់ គឺមិនគិតថ្លៃសេវាឡើយសម្រាប់ទាំងអតិថិជន និងពាណិជ្ជករ ក្នុងគោលបំណងដើម្បីជួយឲ្យពាណិជ្ជករក្នុងស្រុក អាចទាញប្រាក់ចំណូល ពីកំណើនទេសចរណ៍ ក៏ដូចជាលទ្ធភាពទទួលបានអតិថិជនថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ថា ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ទូទាត់ឆ្លងដែន ដោយប្រើ QR code តែមួយ។ របត់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងរួមចំណែកដល់ការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កាន់តែទូលំទូលាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕