នាថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ធនាគារ PPCBank និងក្រុមហ៊ុន CheckinMe បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់សេវាគ្រប់គ្រងប្រាក់បៀវត្សរ៍ ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ការបើកគណនីសាជីវកម្ម និង SME (សហគ្រាសខ្នាតតូច និងមធ្យម) ដើម្បីជួយសម្រួលដំណើរការសេវាបើកប្រាក់បៀវត្សរ៍ និងការគ្រប់គ្រងបុគ្គលិកកាន់តែប្រសើរ។
ធនាគារ PPCBank និងក្រុមហ៊ុន CheckinMe ចុះអនុស្សរណៈនៃការយោគយល់គ្នាលើសេវាគ្រប់គ្រងប្រាក់បៀវត្សរ៍
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការដោយលោក Lee Jinkyu នាយកប្រតិបត្តិរងធនាគារ PPCBank និងលោក ឡី កំថូង សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន CheckinMe ព្រមទាំងវត្តមានថ្នាក់ដឹកនាំសំខាន់ៗ របស់ស្ថាប័នទាំងពីរផងដែរ។
កិច្ចសហប្រតិបត្តិការខាងលើ នឹងរួមបញ្ចូលគ្នានូវដំណោះស្រាយហិរញ្ញវត្ថុដ៏ប៉ិនប្រសប់ របស់ធនាគារ PPCBank ជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន CheckinMe ក្នុងការគ្រប់គ្រងសកម្មភាព និងវត្តមានរបស់បុគ្គលិក។
ជាមួយនឹងការប្រើប្រាស់ដំណោះស្រាយឈានមុខគេរបស់ក្រុមហ៊ុន CheckinMe សេវាកម្មរួមគ្នានេះនឹងផ្តល់លទ្ធភាពដល់អាជីវកម្មអាចធ្វើស្វ័យប្រវត្តិកម្ម នៅក្នុងដំណើរការបើកប្រាក់បៀវត្សរ៍របស់ខ្លួន ដោយធានាបាននូវភាពត្រឹមត្រូវ ប្រសិទ្ធភាព និងការទូទាត់ទាន់ពេលវេលាដល់បុគ្គលិក។
តាមរយៈភាពជាដៃគូនេះផងដែរ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីកញ្ចប់សេវាកម្ម ពេញលេញដោយឥតគិតថ្លៃ ទៅតាមតម្រូវការគណនីសាជីវកម្ម និង SME ប្រព័ន្ធបើកប្រាក់បៀវត្សរ៍ប្រកបដោយភាពងាយស្រួលតាមរយៈកម្មវិធី smartBiz និងការទទួលបានអត្រាការប្រាក់ពិសេសពីគណនីឥណទានដែលភ្ជាប់ជាមួយសេវាប្រាក់បៀវត្សរ៍នេះ។ ជាងនេះទៅទៀត អតិថិជននឹងទទួលបានមធ្យោបាយដ៏ទំនើប ក្នុងការស្រង់វត្តមានរបស់បុគ្គលិក ដោយផ្តល់នូវការគ្រប់គ្រងទិន្នន័យឯកសារ របស់បុគ្គលិក និងប្រាក់បៀវត្សរ៍ នៅក្នុងប្រព័ន្ធតែមួយរបស់ក្រុមហ៊ុន CheckinMe ។
លោក Lee Jinkyu នាយកប្រតិបត្តិរងធនាគារ PPCBank បានមានប្រសាសន៍ថា៖ “នេះគឺជាកាលានុវត្តភាពដ៏ល្អបំផុតមួយ ដែលធនាគារ PPCBank និងក្រុមហ៊ុន CheckinMe ក្លាយជាដៃគូសហការអាជីវកម្មជាមួយគ្នា ដើម្បីផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ជាមួយនឹងការរួមបញ្ចូលគ្នារវាងសេវាកម្មរបស់ធនាគារ PPCBank និងកម្មវិធីឌីជីថល របស់ក្រុមហ៊ុន CheckinMe យើងកំពុងផ្តល់ជូនដំណោះស្រាយគ្រប់គ្រងប្រាក់បៀវត្សរ៍ កាន់តែទូលំទូលាយសម្រាប់អតិថិជនសាជីវកម្ម និង SME របស់យើង។ ដូច្នេះ វានឹងជួយឲ្យអាជីវកម្មរបស់ពួកគេ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការផ្តល់ជូនបុគ្គលិកកាន់តែប្រសើរជាងមុន”។
ជាមួយគ្នានេះ លោក ឡី កំថូង នាយកប្រតិបត្តិក្រុមហ៊ុន CheckinMe បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការសហការជាមួយ PPCBank ដែលជាធនាគារមួយ ដែលតែងតែឆ្ពោះទៅមុខជានិច្ច ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើអតិថិជនរបស់ខ្លួន។ តាមរយៈការរួមបញ្ចូលដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន CheckinMe ជាមួយកម្មវិធី smartBiz របស់ធនាគារ PPCBank យើងជឿជាក់ថា អាជីវកម្មនឹងរីករាយជាមួយមធ្យោបាយឆ្លាតវៃ ក្នុងការគ្រប់គ្រងវត្តមានបុគ្គលិក ក៏ដូចជារីករាយជាមួយបទពិសោធន៍សេវាកម្មធនាគារបែបឯកជន ដែលនឹងជួយជំរុញកំណើន និងបង្កើនប្រសិទ្ធភាពនៅក្នុងអាជីវកម្ម”។
គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាព បង្ហាញពីកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ សម្រាប់ស្ថាប័នទាំងពីរ ដោយផ្តោតទៅលើគំនិតផ្តួចផ្តើមរួមគ្នាផ្សេងៗ ដែលមានផ្នែកសំខាន់ៗដូចជា ការពង្រឹងទៅលើកិត្តិនាមរបស់ស្ថាប័ន ការណែនាំអតិថិជនឲ្យគ្នាទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងការរៀបចំ ឬចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ នៅក្នុងក្របខណ្ឌភាពជាដៃគូ៕