Skip to main content

ធនាគារភីភីស៊ីប៊ែង បានដាក់សម្ពោធអគារថ្មីមួយនៅសាលាបឋមសិក្សាទន្លេអុំ


ធនាគារភីភីស៊ីប៊ែង បានសម្ពោធ​អគារ​ថ្មី​មួយ​មាន​បន្ទប់​រៀនចំនួន 5 សម្រាប់​សិស្ស​សាលា​បឋមសិក្សា​ទន្លេ​អុំ។ អគារនេះត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022។ ធនាគារភីភីស៊ីប៊ែង បានចូលរួមឧបត្ថម្ភសាងសង់អគារសិក្សានេះឡើង ក៏ព្រោះយល់ឃើញថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលជួយជំរុញសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងធ្វើឳ្យសីលធម៌សង្គមមានភាពប្រសើរ។

ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ 19 នេះ វិស័យអប់រំបានរងផលប៉ះពាល់ជាខ្លាំង ដូច្នេះហើយការសម្ពោធមួយនេះនឹងជួយសម្រាលកង្វះខាតមួយចំនួនដល់សិស្សសាលាបឋមសិក្សាទន្លេអុំ ទន្ទឹមនឹងការលើកកម្ពស់កម្រិតអក្ខរកម្មកាន់តែច្រើនផងដែរ។

បើតាមសម្តី លោក វិន ឈន​ នាយកសាលាបឋមសិក្សាទន្លេអុំ បានឳ្យដឹងថា “សាលាបានជួបបញ្ហាខ្វះខាតអគារសិក្សានាពេលកន្លងមក ដែលពេលខ្លះ ការបង្រៀនត្រូវធ្វើឡើងនៅក្រោមតង់ ហើយនៅពេលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឳ្យរំខានដល់ការរៀនសូត្ររបស់សិស្សទៀតផង” ។

សាលាបឋមសិក្សាទន្លេអុំ ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជាតំបន់ដាច់ស្រយាលជាប់នឹងទន្លេសាប ដែលមានចម្ងាយ ២៣ គីឡូម៉ែត្រពីទីរួមខេត្ត។

សិស្សសាលាបឋមសិក្សាទន្លេអុំម្នាក់បាននិយាយថា “ជីវិតសាលារៀននៅទីនេះលំបាកណាស់ ដោយសារយើងខ្វះអគារសិក្សា រាល់ពេលភ្លៀងម្តងៗ ធ្វើឳ្យរំខានដល់ការរៀនសូត្រ និងទទឹកសម្ភារៈសិក្សារបស់ខ្ញុំ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ធនាគារ PPCBank ដែល​បាន​ផ្តល់​អគារ​ថ្មី​នេះ​សម្រាប់​សាលា​របស់ខ្ញុំ​»​។

ដើម្បីលើកកម្ពស់តម្លៃនៃការអប់រំ និងដោះស្រាយតម្រូវការរបស់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល ធនាគារភីភីស៊ីប៊ែង បានបរិច្ចាគថវិកាសរុបចំនួន 61,676 ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារសិក្សាថ្មីនេះ ដែលមាន​បន្ទប់​រៀន​ចំនួន​ 5 ជាមួយបណ្តោយ 40ម ​និងទទឹង 9​ម​។ ពិធីប្រគល់នេះមានការចូលរួមពីមេឃុំស្រែស្តុក នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សមាជិកសហគមន៍មូលដ្ឋាន ព្រមទាំងបុគ្គលិករបស់ធនាគារ PPCBank ។

ធនាគារភីភីស៊ីប៊ែង នៅតែប្តេជ្ញាចិត្តក្នុងការចូលរួមសកម្មភាពសង្គមជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ខណៈដែលយើងនៅតែបន្តរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេស និងធ្វើការដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គម។