Skip to main content

PPCBank ពង្រីកវិសាលភាពផ្តល់សេវាកម្មដល់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង រួមជាមួយការបន្តលើកកម្ពស់សុខុមាលភាពនៅកម្ពុជា


ភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤៖ PPCBank ដែលត្រូវបានទទួលស្គាល់ថាជាធនាគារមួយ ដែលផ្តល់ជូន ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួលបំផុតសម្រាប់អតិថិជន បាននិងកំពុងបន្ត លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅទីជនបទ ទន្ទឹមនឹងការពង្រីកសេវាកម្ម របស់ខ្លួននៅក្នុងប្រទេសកូរ៉េ។ នៅក្នុងគំនិតផ្តួចផ្តើមនាពេលថ្មីៗនេះ ធនាគារបានសហការជាមួយ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកូរ៉េខាងត្បូង និងកម្ពុជា ដើម្បីធ្វើការពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរចំនួន ៣៦៥នាក់ ក្នុងខេត្តកំពត កំពង់ស្ពឺ និងកណ្តាល។ សកម្មភាពទំនួលខុសត្រូវសង្គមនេះ នឹងត្រូវបានអនុវត្តជាបន្តទៀតផងដែរនៅឆ្នាំ២០២៥។


គួរបញ្ជាក់ថា ធនាគារ PPCBank បានបង្កើតលទ្ធភាពដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការ នៅប្រទេសកូរ៉េខាងត្បូង អាចបើកគណនីរហ័ស PPCBank នៅក្នុងកម្មវិធី PPCBank Mobile ដោយគ្រាន់តែប្រើប្រាស់អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន ឬលិខិតឆ្លងដែន និងលេខទូរស័ព្ទប្រទេសកូរ៉េ។ នេះមានន័យថា ពលរដ្ឋខ្មែរដែលរស់នៅទីនោះ អាចបើកគណនីធនាគារពីចម្ងាយ ដោយផ្តល់នូវមធ្យោបាយប្រកបដោយសុវត្ថិភាព លឿនរហ័ស និងងាយស្រួលក្នុងការគ្រប់គ្រង ប្រាក់កាក់នៅលើទូរស័ព្ទដៃ ដោយផ្ទាល់តែម្តង ព្រមទាំងទទួលបានការប្រាក់ថែមទៀតផង។

ជាមួយគណនីរហ័ស PPCBank ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង អាចរីករាយជាមួយនឹង ដំណោះស្រាយហិរញ្ញវត្ថុ និងអត្ថប្រយោជន៍ជាច្រើន។ ក្នុងនោះ អតិថិជននឹងទទួលបានការប្រាក់ ទាំងគណនីបញ្ញើសន្សំ និងសន្សំមានកាលកំណត់។ ការផ្តល់ជូនទាំងនេះ មិនត្រឹមតែជួយបង្កើនចំណូល បន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវសុវត្ថិភាពប្រាក់កាសដែលពួកគាត់រកបានផងដែរ។

លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានលើកឡើងថា៖ “ការបើកគណនីធនាគារ PPCBank សម្រាប់ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង គឺស្របជាមួយនឹងបេសកកម្មរបស់ធនាគារ ក្នុងការធ្វើឲ្យសេវាកម្មមានភាពងាយស្រួល តាមតែអាចធ្វើទៅបានសម្រាប់ប្រជាជនកម្ពុជា។ លោកបានបន្ថែមថា៖ “យើងមានបំណងចង់ជួយពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន បើទោះបីពួកគាត់រស់នៅឆ្ងាយពីប្រទេសកំណើតក៏ដោយ។ មុខងារថ្មីនេះនឹងផ្តល់លទ្ធភាពដល់សហគមន៍ខ្មែរនៅកូរ៉េ ឲ្យទទួលបានអត្ថប្រយោជន៍ពេញលេញ រួមជាមួយការធានាបាននូវគម្រោងសន្សំប្រាក់ដ៏មានតម្លៃ សម្រាប់អនាគតរបស់ពួកគាត់”

គំនិតផ្តួចផ្តើមថ្មីនេះ នឹងផ្តល់ភាពងាយស្រួលថែមមួយកម្រិតទៀតសម្រាប់ប្រជាជនកម្ពុជា ដែលត្រូវការផ្ញើប្រាក់ទៅស្រុកកំណើតដោយមិនរង់ចាំយូរ។ ដំណោះស្រាយថ្មីនេះ មិនត្រឹមតែពង្រីក បណ្តាញអ្នកទទួលផលពីប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជាមធ្យោបាយ ដ៏មានសុវត្ថិភាព និងឆាប់រហ័សសម្រាប់ពលរដ្ឋខ្មែរ ក្នុងការផ្ញើប្រាក់មកក្រុមគ្រួសារ ដោយមិនចាំបាច់ ត្រូវបង់ប្រាក់កម្រៃជើងសារច្រើន ដល់ឈ្មួញកណ្តាលទៀតឡើយ។

អតិថិជនដែលប្រើប្រាស់គណនី PPCBank នៅប្រទេសកូរ៉េខាងត្បូង អាចផ្ទេរប្រាក់បានរហូតដល់ ១០,០០០ដុល្លារ ឬស្មើនឹងទឹកប្រាក់ប្រមាណជាង ១៣លានវ៉ុន ចូលទៅក្នុងគណនីធនាគារ PPCBank របស់អ្នកទទួល បានភ្លាមៗ ដោយឥតគិតថ្លៃសេវា៕