PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានសហការជាថ្មីម្តងទៀត ជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកូរ៉េខាងត្បូង និងកម្ពុជា ដើម្បីធ្វើការពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរចំនួន៣៦៥នាក់ ក្នុងខេត្តកំពត កំពង់ស្ពឺ និងកណ្តាល នាថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
PPCBank សហការជាមួយក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូង ផ្តល់ការពិនិត្យសុខភាព និងថ្នាំព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋខ្វះខាត
សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ អាចប្រព្រឹត្តទៅបានក្រោមការសម្របសម្រួលពីមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េដែលធ្វើដំណើរមកកម្ពុជា ដើម្បីធ្វើការសហការជាមួយ មន្ទីរពេទ្យ PMC-Atomy នៅរាជធានីភ្នំពេញ សុទ្ធសឹងជាអ្នកឯកទេសព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ស្តានីតិសម្បទា និងឱសថសាស្រ្ត ក្នុងការមានលទ្ធភាពផ្តល់ការពិនិត្យព្យាបាលជំងឺជាច្រើនមុខ ដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព រួមទាំងកុមារតូចៗផងដែរ។
លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានសាទរចំពោះបេសកកម្មមនុស្សធម៌នេះ ដោយលោកបានមានប្រសាសន៍ថា៖
“នេះមិនមែនជាលើកទីមួយទេដែលពលរដ្ឋនៅខេត្តមួយចំនួន ទទួលបានការពិនិត្យសុខភាពពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ និងទទួលបានថ្នាំពេទ្យជាច្រើនប្រភេទ។ កាលពីឆ្នាំកន្លងទៅ ពលរដ្ឋខ្វះខាតជាង៥០០នាក់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃម្តងរួចមកហើយពីក្រុមគ្រូពេទ្យជំនាញ។ យើងពិតជាមានមោទនភាព ក្នុងការបន្ត ប្រពៃណីនៃការចុះជួយព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាពនេះ ដល់ប្រជាជនកម្ពុជា ដែលជួបទុក្ខលំបាក ហើយក៏ជាផ្នែកសំខាន់មួយនៃការប្តេជ្ញាចិត្តរបស់យើងចំពោះសកម្មភាព ទំនួលខុសត្រូវសង្គម សំដៅរួមចំណែកអភិវឌ្ឍសហគមន៍ដែលយើងបម្រើសេវាកម្ម”។
គំនិតផ្តួចផ្តើមរបស់ធនាគារ PPCBank ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ គឺការរួមចំណែក ទប់ស្កាត់ភាពពិការភ្នែកនៅកម្ពុជា និងការយល់ដឹងអំពីសារៈសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញ ឲ្យបានល្អ ព្រមទាំងការពិគ្រោះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋពីវេជ្ជបណ្ឌិត ដែលសុទ្ធតែមានជំនាញ និងបទពិសោធន៍រាប់ឆ្នាំ។ ព្រឹត្តិការណ៍នេះ សបញ្ជាក់ពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អនៅទូទាំងប្រទេស ក៏ដូចជាបន្តពង្រឹង នូវសាមគ្គីភាព និងមិត្តភាពរវាងប្រទេសកូរ៉េ និងកម្ពុជាផងដែរ។
ធនាគារ PPCBank នឹងបន្តសហការជាមួយក្រុមគ្រូពេទ្យបរទេស អាជ្ញាធរមូលដ្ឋាន និងអង្គការមួយចំនួន ដើម្បីផ្តល់សេវាចាំបាច់នានាដល់សហគមន៍ដែលខ្វះខាត។ តាមរយៈភាពជាដៃគូទាំងនេះ ធនាគារ PPCBank នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបង្កើនលទ្ធភាពទទួលបានការព្យាបាលជំងឺ ដោយឥតគិតថ្លៃ ការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាសុខភាពទូទៅ ក្នុងន័យរួមចំណែក ធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់ពលរដ្ឋងាយរងគ្រោះនៅកម្ពុជា៕