Skip to main content

ភាគទុនិករបស់ធនាគារ PPCBank ក្លាយជាធនាគារកូរ៉េដំបូងគេ ដែលដាក់ឲ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូត នៅកម្ពុជា


ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤៖ – ធនាគារ PPCBank រួមជាមួយភាគទុនិករបស់ខ្លួន គឺធនាគារ Jeonbuk របស់ប្រទេសកូរ៉េខាងត្បូង និងធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី១ (កម្មវិធីធនាគារចល័តរបស់ធនាគារ Jeonbuk ស្កេនខេអេចឃ្យូអរកូត) រវាង សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk និងលោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank។


ពិធីសម្ពោធនេះ ត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ក្នុងគោលបំណងដើម្បីលើកកម្ពស់ ការទូទាត់ជាប្រាក់រៀលសម្រាប់ភ្ញៀវទេសចរកូរ៉េមកកាន់ប្រទេសកម្ពុជា ក៏ដូចជាគាំទ្រដល់ សមាហរណកម្មសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងការរួមចំណែកដល់បរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមចក្ខុវិស័យធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការបើក ច្រករបៀងថ្មី (New Corridor) នៃការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលការណ៍នេះនឹងជំរុញឱ្យប្រទេសទាំងពីរឈានដល់កម្រិតមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែននេះ ក៏នឹងរួមចំណែក យ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជំរុញកំណើនទេសចរណ៍ និងគាំទ្របរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ”។

យោងទៅតាមការបង្ហាញរបស់លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk បានមានប្រសាសន៍ថា៖ “ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែនតាមតាមឃ្យូអរកូត គឺជាការវិវឌ្ឍថ្មីមួយសម្រាប់ធនាគារ PPCBank ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ Jeonbuk ក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសកូរ៉េខាងត្បូង និងកម្ពុជា តាមរយៈប្រព័ន្ធបាគង។ កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពដល់ភ្ញៀវទេសចរមកពីប្រទេសកូរ៉េខាងត្បូង អាចទូទាត់ប្រាក់រៀលខ្មែរបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពិបាកក្នុងការប្តូររូបិយប័ណ្ណនោះទេ។ លើសពីនេះកិច្ចសហការនេះ ក៏នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ”។

តាមរយៈកិច្ចសហការខាងលើ ភ្ញៀវទេសចរកូរ៉េដែលមកកម្សាន្តនៅកម្ពុជា ហើយមានប្រើប្រាស់ JBB Mobile App អាចធ្វើការស្កេន KHQR ទូទាត់បានភ្លាមៗ នៅតាមហាងលក់ទំនិញរបស់ពាណិជ្ជករ PPCBank។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការទូទាត់អាចធ្វើបាន តែជាប្រាក់រៀលខ្មែរតែប៉ុណ្ណោះ ហើយប្រតិបត្តិការគឺមិនគិតថ្លៃសេវាឡើយសម្រាប់ទាំងអតិថិជន និងពាណិជ្ជករ សំដៅជំរុញអាជីវកម្មរបស់ពួកគេឲ្យមានការរីកចម្រើន ព្រមទាំងសម្រួលដល់ប្រតិបត្តិការ ទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។

យោងតាមធនាគារជាតិនៃកម្ពុជា បច្ចុប្បន្នធនាគារបានដាក់បញ្ចូលប្រព័ន្ធទូទាត់ថ្មី Jeonbuk Bank KHQR ដែលអនុញ្ញាតឲ្យអតិថិជន អាចទូទាត់ប្រាក់ដោយស្កេន KHQR ទៅកាន់ហាងប្រមាណជាង ៣,៣លានកន្លែង នៅកម្ពុជា។ អតិថិជនប្រើប្រាស់ JBB Mobile App អាចស្កេនទូទាត់ប្រាក់បានរហូតដល់ ៦លានរៀលក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ឬស្មើនឹងទឹកប្រាក់ប្រមាណ ១៥០០ដុល្លារ ឬជាង ២លានវ៉ុន។

ក្រៅពីមិនពិបាកក្នុងការប្តូររូបិយប័ណ្ណ សម្រាប់ភ្ញៀវទេសចរកូរ៉េខាងត្បូងហើយនោះ សេវាទូទាត់ឆ្លងដែន តាមឃ្យូអរកូត ក៏ផ្តល់សុវត្ថិភាពមួយកម្រិតថែមទៀត សម្រាប់ការទូទាត់ជាប្រាក់រៀលតាម JBB Mobile App ដោយភ្ញៀវទេសចរមិនចាំបាច់ធ្វើការដកសាច់ប្រាក់ ឬយកប្រាក់ច្រើនតាមខ្លួន ដូច្នេះវានឹងជួយបង្កើន បទពិសោធន៍កាន់តែល្អប្រសើរ សម្រាប់ភ្ញៀវទេសចរចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា។

ដើម្បីជាការអបអរសាទរនូវការបើកដំណើរការសេវាទូទាត់ថ្មីនេះ ធនាគារ Jeonbuk មានការផ្តល់ជូនពិសេសសម្រាប់ការផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជា តាមប្រព័ន្ធបាគងរបស់ ធនាគារជាតិនៃកម្ពុជា ដោយចំណាយថ្លៃសេវាត្រឹមតែ ១,៥ ដុល្លារ ប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ។ ដូច្នេះ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង អាចផ្ញើប្រាក់មកស្រុកខ្មែរបានភ្លាមៗ រហូតដល់ទៅ ៥,០០០ ដុល្លារ ក្នុងមួយថ្ងៃ តាមរយៈ JBB Mobile App៕