ធនាគារភីភីស៊ីប៊ែង (PPCBank)ចាប់ដៃជាមួយទ្រូម៉ាន់នី ដើម្បីសម្រួលដល់ការបង់ប្រាក់កម្ចី
(រាជធានីភ្នំពេញថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០) - ក្រុមហ៊ុនទ្រូម៉ាន់នីដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជាកំពុងសហការជាដៃគូជាមួយនឹងធនាគារភីភីស៊ីប៊ែង (PPCBank) ដើម្បីធ្វើឲ្យការបង់ប្រាក់កម្ចីកាន់តែងាយស្រួលថែមទៀតសម្រាប់អតិថិជនរបស់ធនាគារ។
នៅក្នុងពិធី ដែលបានរៀបចំនៅឯការិយាល័យកណ្ដាលរបស់ធនាគារPPCBankដែលស្ថិតនៅតាមមហាវិថីព្រះនរោត្តមនារាជធានីភ្នំពេញក្រុមហ៊ុនទ្រូម៉ាន់នីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយដែលសម្រេចឲ្យមានការប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត TrueMoney Wallet និងភ្នាក់ងារទ្រូម៉ាន់នីដើម្បីប្រមូលការបង់ប្រាក់កម្ចីសម្រាប់ធនាគារPPCBank។
អនុស្សរណៈនៃការយោគយល់គ្នានេះនឹងចូលជាធរមានចាប់ពីថ្ងៃនេះតទៅដូច្នេះអតិថិជននឹងអាចបង់ប្រាក់កម្ចីរបស់ខ្លួនទៅឲ្យធនាគារPPCBankតាមរយៈកម្មវិធីទូរស័ព្ទដៃTrueMoney Wallet និងភ្នាក់ងារ ទ្រូម៉ាន់នី។ ដើម្បីជាការអបអរសាទរភាពជាដៃគូសហការនេះអតិថិជននឹងអាចរីករាយនូវការផ្ដល់ជូនពិសេសរយៈពេល៣ខែសម្រាប់ការបង់ប្រាក់កម្ចីដោយឥតគិតថ្លៃសេវាចាប់ពីថ្ងៃទី២៣ ខែកញ្ញារហូតដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០។អតិថិជននឹងអាចធ្វើការទូទាត់ប្រាក់កម្ចីតាមរយៈកម្មវិធី TrueMoney Wallet ឬតាមរយៈភ្នាក់ងាររបស់ទ្រូម៉ាន់នីដែលមានចំនួនរហូតដល់ទៅជាង១ម៉ឺនទីតាំងទូទាំងប្រទេស។
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរួចហើយលោក Shin Chang Moo នាយកប្រតិបត្តិធនាគារ PPCBankមានប្រសាសន៍ថា៖ “ភាពជាដៃគូនិងកិច្ចសហការ គឺជាផ្នែកមួយដ៏សំខាន់របស់ធនាគារPPCBankហើយយើងជឿថាការរកបាននូវដៃគូល្អគឺជារឿងដែលពុំអាចកាត់ថ្លៃបាន។ កេរ្តិ៍ឈ្មោះដ៏ល្អរបស់ទ្រូម៉ាន់នីនឹងធ្វើឲ្យអតិថិជនរបស់យើងមានភាពជឿជាក់ និងទុកចិត្តនៅពេល បង់ប្រាក់កម្ចីតាមរយៈភាគីទីបីនេះ”។
លោកស្រីឃួនហ្វ្រង់ដារាអគ្គនាយិកា គ្រប់គ្រងផ្នែកយុទ្ធសាស្ត្រក្រុមហ៊ុនទ្រូម៉ាន់នីកម្ពុជា មានប្រសាសន៍ ថា៖ “យើងពិតជាមានមោទនភាពដែលបានចាប់ដៃគូជាមួយនឹងធនាគារPPCBankក្នុងការផ្ដល់សេវា នេះដែលនឹងជួយបន្ថែមភាពងាយស្រួលនិងគុណតម្លៃដល់អតិថិជនរបស់ធនាគារPPCBankក៏ដូចជាសម្រាប់ខ្លួនយើងផ្ទាល់។ ការសហការជាដៃគូនៅថ្ងៃនេះគឺជាកម្មវិធីសហការមួយក្នុងចំណោមកម្មវិធី ជាច្រើនទៀត ដែលយើងនឹងដាក់ឲ្យដំណើរការនៅប៉ុន្មានខែខាងមុខនេះស្របពេលដែលទ្រូម៉ាន់នីបន្តពង្រីកសេវាកម្មរបស់ខ្លួន”។
ក្រុមហ៊ុនទ្រូម៉ាន់នីបានចុះកិច្ចព្រមព្រៀងដៃគូសហការជាច្រើនរួចមកហើយនៅកម្រិតតំបន់។នៅក្នុងប្រទេសមីយ៉ាន់ម៉ាទ្រូម៉ាន់នីបានប្រកាសការសហការជាដៃគូជាមួយនឹងកម្មវិធីOnePayដែលផ្ដល់លទ្ធភាពឲ្យអតិថិជនអាចដាក់ប្រាក់និងដកប្រាក់ពីបញ្ជរភ្នាក់ងារដែលមានចំនួនកាន់តែច្រើនឡើងក្នុងប្រទេសមីយ៉ាន់ម៉ានោះ។
អំពីធនាគារភីភីស៊ីប៊ែង (PPCBank)
ធនាគារPPCBank គឺជាធនាគារកូរ៉េមួយដែលត្រូវបានបង្កើតឡើងនៅខែកញ្ញាឆ្នាំ២០០៨និងកំពុងបើក ដំណើរការនៅ២៣សាខាជាមួយនឹងទូ ATM ចំនួន៦៤ ដាក់ឲ្យប្រើប្រាស់នៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា។ដើម្បីផ្តល់ឲ្យអតិថិជនរបស់ខ្លួននូវសេវាធនាគារដែលងាយស្រួលធនាគារPPCBankបានផ្តល់ជូនសេវាធនាគារដែលរួមមានទាំងសេវាធនាគារលក្ខណៈប្រពៃណីនិងបែបឌីជីថល រាប់បញ្ចូលទាំងសេវាប្រាក់បញ្ញើឥណទាន សេវាកម្មឌីជីថលsmartBizនិងសេវាប្រឹក្សាយោបល់ អតិថិជនទាំងនៅក្នុងនិងក្រៅសាខាផងដែរ។
ការចូលរួមនៅក្នុងសង្គមគឺជាផ្នែកមួយនៃទិសដៅដ៏សំខាន់របស់ធនាគារPPCBank។ជាការពិតណាស់ធនាគារPPCBankតែងតែចូលរួមនៅក្នុងយុទ្ធនាការទាក់ទងនឹងបរិយាប័ន្នហិរញ្ញវត្ថុដែលរៀបចំដោយធនាគារជាតិនៃកម្ពុជាក្រោមការសហការជាមួយក្រសួងអប់រំយុវជននិងកីឡា។ ធនាគារPPCBankក៏ជាធនាគារដំបូងបង្អស់ដែលបានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់បុគ្គលិកដែលមានពិការភាព តាមរយៈកិច្ចសហការនិងអនុញ្ញាតិឲ្យមានហាងកាហ្វេ Socials Coffee នៅក្នុងអគារការិយាល័យរបស់ខ្លួន។ បន្ថែមពីនេះទៅទៀត ធនាគារPPCBankក៏បានសហការជាមួយនឹង អង្គការAPOPO តាមរយៈការគាំទ្រកណ្តុរហិតមីនដែលមកពីទ្វីបអាហ្រ្វិកហើយត្រូវបានបណ្តុះបណ្តាលដើម្បីរកគ្រាប់មីននិងសំណល់គ្រាប់មិនទាន់ផ្ទុះដើម្បីកម្ចាត់ នៅខេត្តភាគខាងជើងនៃប្រទេសកម្ពុជា។
អំពីក្រុមហ៊ុនទ្រូម៉ាន់នី៖
ទ្រូម៉ាន់នីគឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេនិងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីនាពេលបច្ចុប្បន្ន។ទ្រូម៉ាន់នីបានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី១ប្រទេសទៅជា៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្នទ្រូម៉ាន់នីបាននឹងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃកម្ពុជាមីយ៉ាន់ម៉ាឥណ្ឌូនេស៊ីវៀតណាមនិងហ្វីលីពីន។
បច្ចុប្បន្នទ្រូម៉ាន់នីមានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ពោលគឺយ៉ាងហោច៧ម៉ឺនភ្នាក់ងារនិងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ពោលគឺចំនួន ៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។លើសពីនេះកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។