ធនាគារ PPCBank បើកសម្ពោធមជ្ឈមណ្ឌលថ្មី ដើម្បីបម្រើសេវាធនាគារ កាន់តែប្រសើរដល់សហគ្រាសធុនតូច និងមធ្យម
ភ្នំពេញ៖ ធនាគារ PPCBank នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះបានប្រកាសបើកដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលសេវាធនាគារជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីពង្រីកវិសាលភាពនៃការបំពេញតម្រូវការជូនអតិថិជនឲ្យបានកាន់តែទូលំទូលាយថែមទៀត។ មជ្ឈមណ្ឌលថ្មីនេះ ផ្តល់ជូនការប្រឹក្សាអាជីវកម្ម ផលិតផលសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) និងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ដែលជាតម្រូវការជាក់លាក់របស់អតិថិជនឯកជន ជាមួយនឹងផលិតផល និង សេវាកម្មពេញលេញរបស់ធនាគារ PPCBank រួមមានដូចជាការបើកគណនីការដាក់ប្រាក់បញ្ញើសន្សំ ការផ្តល់ប្រាក់កម្ចី ការទូទាត់តាមអនឡាញ ការទូទាត់ដោយផ្ទាល់តាមរយៈដៃគូធនាគារ និងផ្សេងៗជាច្រើនទៀត។
មជ្ឈមណ្ឌលសេវាធនាគារ ដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញនេះ មានទីតាំងនៅផ្ទះលេខ៩B ផ្លូវលេខ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបើកបម្រើសេវាជូនអតិថិជនរៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ ម៉ោង៤៖០០នាទីរសៀល និងថ្ងៃសោរ៍ ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ ម៉ោង១២៖០០នាទីថ្ងៃត្រង់។ ធនាគារ PPCBank បានលើកឡើងថា មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងដ៏សំខាន់នៃមូលដ្ឋានអតិថិជន ក្នុងការរួមចំណែកលើកកម្ពស់ការផ្តល់សេវាកម្មដែលមានលក្ខណៈឯកជន និងសេវាកម្មផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយដើម្បីធ្វើឲ្យការរស់នៅរបស់អតិថិជនកាន់តែមានភាពងាយស្រួល។
លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ “ពីមួយឆ្នាំទៅមួយឆ្នាំតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនមានច្រើនប្រភេទ។ ដូច្នេះរបៀបដែលធនាគារឆ្លើយតបយ៉ាងឆាប់រហ័សចំពោះតម្រូវការខុសៗគ្នារបស់អតិថិជននេះ នឹងក្លាយជាកត្តាដ៏សំខាន់សម្រាប់ការរស់រាននៅលើទីផ្សារ។ ខ្ញុំប្រាកដថាមជ្ឈមណ្ឌលថ្មីរបស់យើងនឹងក្លាយជាគំរូមួយសម្រាប់បែបផែនថ្មីនៃសាខាធនាគារនៅក្នុងប្រទេសកម្ពុជានាពេលអនាគត។”
មជ្ឈមណ្ឌលសេវាធនាគារ PPCBank មានអ្នកជំនាញផ្នែកផលិតផល និងបុគ្គលិកសាជីវកម្មដែលមានបទពិសោធន៍ នៅរង់ចាំបម្រើសេវាកម្ម និងការប្រឹក្សាយោបល់សម្រាប់ដំណោះស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវជូនដល់អតិថិជន។ គន្លឹះនៃភាពជោគជ័យដែលជាការរំពឹងទុករបស់មជ្ឈមណ្ឌល គឺភាពច្បាស់លាស់ ភាពត្រឹមត្រូវ និងលឿនរហ័សទាន់ចិត្តដើម្បីធានាបានថាអតិថិជនទាំងអស់ទទួលបានសេវាកម្មដ៏ល្អឥតខ្ចោះពីធនាគារ។
ធនាគារ PPCBank បានចូលរួមជាយូរមកហើយចំពោះដំណោះស្រាយហិរញ្ញវត្ថុ និងការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការផ្តល់ផលិតផល សេវាកម្មហិរញ្ញវត្ថុ និងជាពិសេសកម្ចីផ្សេងៗ ដែលអនុញ្ញាតឲ្យម្ចាស់សហគ្រាសអាចពង្រីកអាជីវកម្ម និងរួមចំណែកធ្វើឲ្យទស្សនវិស័យសេដ្ឋកិច្ចមានភាពវិជ្ជមាននៅក្នុងតំបន់។ ការពង្រីកសេវាប្រាក់កម្ចីសម្រាប់ការទិញរថយន្ត និងគេហដ្ឋានរបស់ធនាគារ PPCBank ក៏នឹងជួយឲ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចសម្រេចបាននូវក្តីសុបិនហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។
សម្រាប់ការសួរនាំព័ត៌មានផ្សេងៗអំពីមជ្ឈមណ្ឌលសេវាធនាគារ PPCBank សូមទាក់ទងមកផ្នែកបម្រើសេវាអតិថិជនតាមរយៈលេខទូរស័ព្ទ ០៩៦ ៣ ៩០៩ ៩០៩/០២៣ ៩០៩ ៩០៩ (២៤ម៉ោង/៧ថ្ងៃ)៕