ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤៖ – PPCBank ដែលជាធនាគារពាណិជ្ជរីកចម្រើនលឿនបំផុតមួយ នៅប្រទេសកម្ពុជា មានមោទនភាពក្នុងការជម្រាបជូនថា ធនាគារ បានបើកសម្ពោធសាខាថ្មីមួយទៀត នៅចោមចៅ តំបន់ភាគខាងលិចរាជធានីភ្នំពេញ បន្ទាប់ពីបើកដំណើរការសាខាទី២៤របស់ខ្លួន នៅតាខ្មៅរួចមក។ ការបើកសម្ពោធសាខាថ្មីនេះ បានបង្កើនសាខារបស់ធនាគារ PPCBank សរុបចំនួន ២៥ សាខា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ធនាគារ PPCBank ប្រារព្ធខួប១៦ឆ្នាំ ជាមួយនឹងការបើកសម្ពោធសាខាថ្មី នៅចោមចៅ
ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏សំខាន់ នាឱកាសគម្រប់ខួប១៦ឆ្នាំរបស់ធនាគារ PPCBank រាល់អតិថិជន ដែលអញ្ជើញមកបើកគណនី ឬធ្វើប្រតិបត្តិការធនាគារ នៅសាខាថ្មីនេះ នឹងទទួលបានកាដូអនុស្សាវរីយ៍ រួមមាន power bank ដបទឹក ឆត្រ ។ល។ អតិថិជនក៏អាចមានឱកាសឈ្នះរង្វាន់ធំជាទឹកប្រាក់៥០០ដុល្លារ ១,០០០ដុល្លារ និងដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េផងដែរ ចំពោះការស្នើសុំឥណទានរថយន្ត នៅសាខាថ្មីនេះ ក្នុងទឹកប្រាក់ចាប់ពី ២០,០០០ដុល្លារឡើងទៅ។
បើទោះបីជាក្នុងឆ្នាំ ២០២៤នេះ ប្រជាជនកម្ពុជាភាគច្រើនជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុយ៉ាងណាក៏ដោយ លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារ PPCBank ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ដែលខ្លួនបម្រើសេវាកម្ម។
លោកបានមានប្រសាសន៍ថា៖ “ទោះជាមានផលប៉ះពាល់ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចក្តី ធនាគារ PPCBank មានសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏នៅតែបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការក្លាយជាធនាគារឈានមុខគេ ដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់អតិថិជនខ្លួន។”
លោកមានប្រសាសន៍បន្ថែមទៀតថា៖ “ចាប់តាំងពីបើកដំណើរការរយៈពេល១៦ឆ្នាំកន្លងមកនេះ ធនាគារ PPCBank បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុ ដែលមានភាពងាយស្រួល និងសម្បូរបែប ជូនដល់អតិថិជនគ្រប់ប្រភេទ មិនថាជាសហគ្រាសខ្នាតតូច និងមធ្យម អាជីវកម្មលក់រាយ និងរូបវន្តបុគ្គល ឬវិស័យសាធារណៈ និងឯកជននោះទេ”។
ដោយមានទីតាំងចំកណ្តាលតំបន់ចោមចៅ ស្ថិតនៅផ្ទះលេខ១១០ ផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សាខាថ្មីនេះ ស្ថិតនៅក្នុងចំណុចយុទ្ធសាស្រ្តមួយ ដែលប្រមូលផ្តុំដោយរោងចក្រសហគ្រាស និងអាជីវកម្មជាច្រើន។ សាខាចោមចៅ នឹងផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ដែលអាចផ្តល់គ្រប់តម្រូវការជូនអតិថិជន រួមទាំងដើរតួជាកាតាលីករដ៏មានសក្តានុពលសម្រាប់ភាពរីកចម្រើននៃអាជីវកម្មក្នុងស្រុក និងរួមចំណែក បង្កើនសហគ្រិនភាពនៅក្នុងតំបន់។
ជាមួយនឹងគោលដៅអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់ខ្លួន ធនាគារ PPCBank បានប្រកាន់ខ្ជាប់ជានិច្ចនូវស្តង់ដារក្នុងការបំពេញតម្រូវការរបស់អតិថិជន ដោយរាប់ចាប់ពី សេវាធនាគារប្រចាំថ្ងៃសម្រាប់អតិថិជនរូបវន្តបុគ្គល រហូតដល់សាជីវកម្មធំៗ រួមទាំងសហគ្រាសខ្នាតតូច និងមធ្យម។ សាខាចោមចៅ ក៏មានផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុ ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗផងដែរ រួមមានគណនី ហេង ហេង គណនីសន្សំកុមារ ប័ណ្ណ CSS និងប័ណ្ណវីសា Prestige Plus។
ធនាគារ PPCBank នឹងបន្តអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន ដើម្បីពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងសហគមន៍កាន់តែប្រសើរ ព្រមទាំងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក្នុងចំណោមអតិថិជន និងសាធារណជនឲ្យកាន់តែទូលំទូលាយ ដើម្បីធានាបាននូវដំណោះស្រាយហិរញ្ញវត្ថុ ដ៏ត្រឹមត្រូវ ស្របតាមតម្រូវការចាំបាច់របស់ពួកគេ។
គួរបញ្ជាក់ថា ធនាគារ PPCBank សាខាចោមចៅ បើកបម្រើសេវាកម្មជូនអតិថិជន រៀងរាល់ថ្ងៃចន្ទដល់សុក្រ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៤រសៀល និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់៕