Skip to main content

ធនាគារភីភីស៊ីប៊ែង (PPCBank)ចាប់ដៃជាមួយទ្រូម៉ាន់នី ដើម្បីសម្រួលដល់ការបង់ប្រាក់កម្ចី


(រាជធានីភ្នំពេញថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០)​ - ក្រុមហ៊ុនទ្រូម៉ាន់នីដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយនៅកម្ពុជាកំពុងសហការជាដៃគូជាមួយនឹង​ធនាគារភីភីស៊ីប៊ែង (PPCBank) ដើម្បី​ធ្វើ​​ឲ្យ​ការ​​បង់​ប្រាក់​កម្ចី​កាន់​តែ​​ងាយ​​ស្រួល​ថែម​ទៀត​សម្រាប់អតិថិជនរបស់ធនាគារ​។

នៅ​ក្នុង​​ពិធី​ ដែល​បាន​រៀប​​ចំ​​នៅ​ឯការិយាល័យកណ្ដាល​របស់ធនាគារPPCBankដែលស្ថិតនៅតាម​មហាវិថីព្រះនរោត្តមនារាជធានីភ្នំពេញក្រុមហ៊ុនទ្រូម៉ាន់នីបានចុះហត្ថលេខា​លើ​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​មួយដែល​​សម្រេច​ឲ្យ​​មានការ​ប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត TrueMoney Wallet និងភ្នាក់ងារ​ទ្រូម៉ាន់នីដើម្បី​​ប្រមូលការ​បង់​​ប្រាក់កម្ចី​​សម្រាប់​​ធនាគារ​PPCBank។

អនុស្សរណៈនៃការយោគយល់គ្នានេះ​នឹង​ចូលជាធរមាន​ចាប់ពីថ្ងៃនេះតទៅដូច្នេះអតិថិជន​នឹង​អាច​បង់​ប្រាក់​​កម្ចី​របស់ខ្លួនទៅ​ឲ្យ​ធនាគារPPCBankតាមរយៈកម្មវិធីទូរស័ព្ទដៃTrueMoney Wallet និង​ភ្នាក់ងារ ​ទ្រូម៉ាន់នី។ ដើម្បីជាការអបអរ​សាទរ​ភាពជាដៃគូសហការ​នេះអតិថិជន​នឹង​អាចរីក​រាយ​នូវការ​ផ្ដល់ជូន​ពិសេស​រយៈពេល៣ខែសម្រាប់​ការ​បង់ប្រាក់​កម្ចីដោយ​ឥត​គិត​ថ្លៃសេវា​ចាប់ពីថ្ងៃទី២៣ ខែកញ្ញារហូត​ដល់​ថ្ងៃ​ទី៣១ ខែធ្នូឆ្នាំ២០២០។អតិថិជន​នឹង​អាច​ធ្វើការទូទាត់​ប្រាក់កម្ចីតាម​រយៈ​កម្មវិធី TrueMoney Wallet ឬតាមរយៈ​ភ្នាក់ងារ​របស់​ទ្រូម៉ាន់នីដែលមានចំនួនរហូតដល់ទៅជាង១ម៉ឺន​ទីតាំងទូទាំង​ប្រទេស។

បន្ទាប់ពីការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងនេះរួចហើយលោក Shin Chang Moo នាយកប្រតិបត្តិ​ធនាគារ​ PPCBankមានប្រសាសន៍ថា៖ “ភាពជាដៃគូនិង​កិច្ចសហការ​ គឺជា​ផ្នែកមួយដ៏សំខាន់​របស់​ធនាគារPPCBankហើយ​យើង​ជឿថាការ​រក​បាននូវ​ដៃគូល្អគឺជា​រឿង​ដែលពុំអាចកាត់ថ្លៃបាន។ កេរ្តិ៍ឈ្មោះដ៏ល្អ​របស់​ទ្រូម៉ាន់នីនឹង​​ធ្វើ​​ឲ្យ​អតិថិជន​របស់យើង​មានភាពជឿជាក់​ និងទុក​ចិត្ត​នៅពេល​ បង់​ប្រាក់​កម្ចី​តាមរយៈ​ភាគី​ទីបី​នេះ”។

លោក​ស្រីឃួនហ្វ្រង់ដារាអគ្គនាយិកា ​គ្រប់គ្រងផ្នែក​​យុទ្ធសាស្ត្រ​​ក្រុមហ៊ុនទ្រូម៉ាន់នីកម្ពុជា ​ មាន​ប្រសាសន៍ ថា៖ “យើងពិតជាមានមោទនភាពដែលបាន​ចាប់ដៃគូជាមួយ​នឹងធនាគារPPCBankក្នុងការ​ផ្ដល់​សេវា​ នេះដែលនឹងជួយ​បន្ថែមភាពងាយ​ស្រួលនិង​គុណ​តម្លៃ​ដល់អតិថិជន​​របស់ធនាគារPPCBankក៏ដូចជា​​សម្រាប់​ខ្លួនយើង​ផ្ទាល់។ ការ​សហការជាដៃគូ​នៅថ្ងៃនេះគឺជា​កម្មវិធីសហការមួយក្នុង​ចំណោម​កម្មវិធី​ ជា​ច្រើន​ទៀត ​ដែល​យើង​​នឹង​ដាក់​ឲ្យ​ដំណើរការ​​នៅ​ប៉ុន្មានខែខាងមុខនេះស្របពេលដែល​ទ្រូម៉ាន់នីបន្ត​ពង្រីក​សេវា​​កម្ម​របស់ខ្លួន”។

ក្រុមហ៊ុនទ្រូម៉ាន់នីបានចុះកិច្ចព្រមព្រៀង​ដៃគូសហការ​ជា​ច្រើន​រួចមកហើយនៅ​កម្រិត​តំបន់។នៅ​ក្នុង​ប្រទេស​​មីយ៉ាន់ម៉ាទ្រូម៉ាន់នីបានប្រកាស​ការ​សហការជាដៃគូជាមួយនឹង​កម្មវិធីOnePayដែល​ផ្ដល់​លទ្ធភាពឲ្យ​អតិថិជន​អាច​ដាក់ប្រាក់និង​ដក​ប្រាក់​ពី​បញ្ជរ​ភ្នាក់ងារ​ដែលមានចំនួនកាន់តែ​ច្រើនឡើងក្នុង​ប្រទេសមីយ៉ាន់ម៉ានោះ។

អំពីធនាគារភីភីស៊ីប៊ែង (PPCBank)

ធនាគារ​PPCBank ​គឺ​​ជា​ធនាគារ​កូរ៉េមួយ​ដែល​​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញាឆ្នាំ​២០០៨​និង​កំពុង​​បើក ​ដំណើរ​ការ​នៅ២៣​សាខាជាមួយ​នឹង​ទូ ATM ចំនួន៦៤ ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ជុំ​វិញទីក្រុង​ភ្នំពេញ ​និង​ខេត្ត​សំខាន់ៗមួយ​ចំនួន​​ក្នុង​ប្រទេស​កម្ពុជា​។ដើម្បី​ផ្តល់​ឲ្យ​អតិថិជន​របស់​ខ្លួន​នូវ​សេវា​ធនាគារ​ដែល​ងាយ​ស្រួលធនាគារ​PPCBank​​បាន​ផ្តល់​ជូន​សេវា​ធនាគារ​ដែល​រួម​មាន​ទាំង​សេវាធនាគារ​លក្ខណៈ​ប្រពៃណី​និង​បែប​ឌីជីថល ​រាប់​បញ្ចូល​ទាំង​សេវា​ប្រាក់​បញ្ញើឥណទាន ​សេវាកម្ម​ឌីជីថល​smartBizនិង​សេវាប្រឹក្សាយោបល់​ អតិថិជន​ទាំង​នៅ​ក្នុង​និង​ក្រៅ​សាខាផងដែរ​​។​

ការ​ចូល​រួម​នៅ​ក្នុង​សង្គមគឺ​​ជា​ផ្នែក​មួយ​នៃ​ទិស​ដៅ​ដ៏​សំខាន់​​​​របស់​ធនាគារ​PPCBank​​។​ជាការពិត​ណាស់​ធនាគារ​PPCBank​តែង​តែ​ចូល​រួម​នៅ​ក្នុង​​យុទ្ធនាការ​​ទាក់​ទង​នឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ដែល​រៀប​ចំដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្រោម​ការ​សហការ​ជាមួយ​ក្រសួង​អប់​រំយុវជន​និង​កីឡា​។ ​ធនាគារPPCBankក៏​ជា​ធនាគារ​ដំបូង​បង្អស់​ដែល​បាន​ផ្តួច​ផ្តើម​​គំនិត​ក្នុង​ការ​លើក​កម្ពស់​​​​​បុគ្គលិក​ដែល​មាន​ពិការភាព ​តាម​រយៈកិច្ច​សហការ​​​​និង​អនុញ្ញាតិ​​ឲ្យ​មាន​​​ហាង​កាហ្វេ Socials Coffee ​នៅ​ក្នុង​អគារការិយាល័យ​​របស់​ខ្លួន​។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ ធនាគារ​PPCBankក៏​បាន​​សហការ​ជាមួយ​នឹង​ អង្គការAPOPO តាម​រយៈ​ការ​គាំទ្រកណ្តុរ​ហិត​មីនដែល​មកពី​ទ្វីប​អាហ្រ្វិកហើយត្រូវបានបណ្តុះបណ្តាលដើម្បីរកគ្រាប់មីននិងសំណល់គ្រាប់មិនទាន់ផ្ទុះដើម្បីកម្ចាត់ នៅខេត្តភាគខាងជើងនៃប្រទេសកម្ពុជា។

អំពីក្រុមហ៊ុនទ្រូម៉ាន់នី៖

ទ្រូម៉ាន់នីគឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេនិងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីនាពេលបច្ចុប្បន្ន។ទ្រូម៉ាន់នីបាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួនពី១ប្រទេសទៅជា៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្នទ្រូម៉ាន់នីបាន​នឹង​កំពុង​ធ្វើ​ប្រតិបត្តិការ​យ៉ាងរឹងមាំនៅក្នុងប្រទេសថៃកម្ពុជាមីយ៉ាន់ម៉ាឥណ្ឌូនេស៊ីវៀតណាមនិងហ្វីលីពីន។

បច្ចុប្បន្នទ្រូម៉ាន់នី​មាន​បណ្ដាញ​ភ្នាក់​ងារ​ធំជាង​គេបង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ពោល​គឺ​យ៉ាង​ហោច៧ម៉ឺនភ្នាក់ងារ​និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់​ពោល​គឺ​ចំនួន​ ៨ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៩។លើសពីនេះកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១នៃកម្មវិធី E-wallet ទាំង​អស់ក្នុងប្រទេសថៃ។