Skip to main content

អតិថិជនរបស់ធនាគារ PPCBank អាចមកប្តូរយក ប័ណ្ណវីសាថ្មី Contactless ដោយឥតគិតថ្លៃ

កាលបរិច្ឆេទ: October 26, 2020

រាជធានី​ភ្នំពេញ​ ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០​​៖ ធនាគារ ភីភីស៊ីប៊ែង (PPCBank) ​​ ដែល​ជា​ធនាគារ​ផ្តោត​លើ​ការ​​ផ្តល់​ជូន​នូវ​សេវា​ធនាគារ​កាន់​តែ​ងាយ​ស្រួល​ដល់​អតិថិជន បាន​ជម្រុញ​ឲ្យ​អតិថិជន​របស់​ខ្លួន​ ​មក​ប្តូរ​យក​ប័ណ្ណ​វីសាដែលមានមុខងារថ្មី​ contactless ដោយ​ឥត​គិត​ថ្លៃ​​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​ច្រើន​ពី​ធនាគារ​ក៏​ដូច​ជា​ដៃគូ​ពាណិជ្ជកម្ម​។​

អតិថិជន​របស់​ធនាគារ PPCBank ​នឹងទទួល​បាន​គូប៉ុង​ដែល​មាន​ទឹក​ប្រាក់ ​៣ដុល្លារសម្រាប់រាល់ការ​ចំណាយ​លើស​ពី ​២០​ដុល្លារនៅ​ផ្សារ​ទំនើបអ៊ីអន​ ​ និង​គូប៉ុងតម្លៃ​ ៣៦៨​ដុល្លា​​រផ្សេង​ទៀត​ ប្រសិន​បើ​អតិថិជន​រូប​នោះ​ជា​អ្នក​ដែល​បាន​ទូទាត់​ការ​ចំណាយច្រើន​ជាង​គេ​​​ដោយ​ប្រើ​ប័ណ្ណ​​វីសា​ contactless​។​ ជាមួយ​គ្នា​នោះដែរ​ ​ពួកគេ​ក៏​នឹង​ទទួល​បាន​ទឹក​ប្រាក់ ០.៣ដុល្លារ​ភ្លាមៗសម្រាប់​ការ​ចំណាយ​អស់​ ២ដុល្លារនៅ​ស្ថានីយ​កាល់​តិចចំនួន១៨សាខា។

អតិថិជន​​ PPCBank ទាំង​អស់​អាច​​ប្តូរ​យក​ប័ណ្ណវីសា​ថ្មី​​បាន​នៅ​គ្រប់​សាខា​ធនាគារ​ PPCBank ដែល​នៅ​ជិត​បំផុត​​ដោយ​ឥត​គិត​ថ្លៃ​រហូត​ដល់​ចុង​ឆ្នាំ​នេះ ដោយ​ភ្ជាប់​​មក​ជា​មួយ​នូវ​​អត្តសញ្ញាណប័ណ្ណ ឬលិខិត​ឆ្លង​ដែន និង​​ប័ណ្ណ​វីសាចាស់​។​ ហើយ​​​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ធនាគារ​នឹង​ធ្វើ​ការ​ដឹក​ជញ្ជូន​ប័ណ្ណថ្មី​ជូនដល់​អតិថិជននៅ​​គ្រប់​​ទី​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដោយ​ឥត​គិត​ថ្លៃ​ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​ពេល​វេលា​ក្នុង​ការ​ត្រលប់​មកទទួល​យក​ប័ណ្ណ​របស់​ខ្លួន​។​

លោក​ Shin Chang Moo​ ដែល​ជា​នាយកប្រតិបត្តិនៃធនាគារ​​ PPCBank បាន​មាន​ប្រសាសន៍​ថា​៖ (ពួក​យើង​​សូម​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​ទាំង​អស់​ឲ្យ​មក​ធ្វើ​ការ​ប្តូរ​យក​ប័ណ្ណ​វីសា​ថ្មី​ ពីព្រោះ​ថាជា​មួយ​នឹង​មុខងារ​បន្ថែម​ថ្មី​​ contactless ​ នេះ​នឹង​​កាន់​តែ​​​​ផ្តល់​ភាព​ងាយ​ស្រួល​ដល់អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការហិរញ្ញវត្ថុ​នានា។ ហើយ​ពួក​យើង​ក៏​សង្ឃឹម​​​ថា​អតិថិជន​របស់​យើង​នឹង​​ទទួល​បាន​​អត្ថប្រយោជន៍​ជា​ច្រើន​ពី​​ការ​​ទូទាត់​លើការ​ចំណាយ​ដោយ​ប្រើប័ណ្ណ​នេះ)។​

​លោក​ Shin បាន​បន្ថែម​ថា​៖ (ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​វីរុស​កូវីដ ១៩ ការ​ប្រើប្រាស់​ប័ណ្ណ​វីសា​ Contactless នឹងអាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​នេះ ​ដោយអតិថិជន​គ្រាន់​តែ​​ដាក់ប័ណ្ណ​នៅ​លើ​​ម៉ាស៊ីនឆូតកាតដែលមានមុខងារថ្មី​ដើម្បីធ្វើការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ដែលពោរពេញទៅដោយ​មេរោគ និងការប៉ះពាល់ប័ណ្ណជាមួយមនុស្សច្រើន)​។​

លើសពីនេះទៅទៀត អតិថិជន​នឹង​ទទួល​បាន​​ទឹក​ប្រាក់​ត្រលប់​មក​វិញ​ សម្រាប់​​រាល់​ការ​ទូទាត់​ការ​ចំណាយសរុប​ដោយ​ប្រើ​ប័ណ្ណ​វីសា contactless ​​ជា​រៀង​រាល់​ខែ​ទៅ​ក្នុង​គណនី​របស់​ពួក​គេ​ ក៏​ដូច​ជា​សេវា​ផ្តល់​ដំណឹង​តាម​សារ SMS ពី​ការ​ទូទាត់​ការ​ចំណាយ​របស់​ពួក​គេ ដោយ​ឥតគិត​ថ្លៃពីធនាគារ PPCBank ផងដែរ)។​​

សម្រាប់​អតិថិជន​ថ្មី​​ដែល​ពុំ​ទាន់​មាន​ប័ណ្ណ​វីសារបស់​ធនាគារ​ PPCBank ពួក​គេ​នឹង​ទទួល​បាន​ប័ណ្ណ​វីសា​ដែល​​ជា​បច្ចេក​វិទ្យា​ contactless ថ្មី​បំផុតនៅ​ពេល​ដែល​គេ​អញ្ញើញ​មក​បើក​គណនីជា​មួយធនាគារ​ PPCBank​​៕​